ក្រសួងមហាផ្ទៃ៖ ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត ១០ដង គឺពី ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២
ឯកឧត្តមសន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត១០ដង គឺពី៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២ នេះ ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តមសន្ដិបណ្ឌិត មានប្រសាសន៍បន្ថែមថាក្នុងរយៈពេល ៥ឆ្នាំនេះក្រសួងមហាផ្ទៃបានធ្វើការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណែទម្រង់នេះមានមុខងារជិត៦០មុខងារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារ ផ្តល់សេវាប្រមាណជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។
ក្នុងនោះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត លើសកម្មភាពអាទិភាព រួមមាន៖ ១.ការពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់ ២.ការពង្រឹង និងការកែសម្រួល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការជំរុញការផ្ទេរមុខងារក្នុងវិស័យ អាទិភាពនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនឹងធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៥.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។
ក្រៅពីនេះ ឯកឧត្តមសន្ដិបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានទទួលថវិកាដែលភ្ជាប់ជាមួយការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង និងឃុំ សង្កាត់) បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណជាង ២.០០០គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែល ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ៕ ដោយ-រ៉ាវុធ