រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) គម្រប់ខួប ១០ឆ្នាំ
ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ(ព្រះបរមរតនកោដ្ឋ)គម្រប់ខួប១០ឆ្នាំ ។ ពិធីបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មុខសាលាខេត្តខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ព្រះរាជសកម្មភាពរបស់ព្រះបរមរតនកោដ្ឋ ដែលបានលះបង់នូវព្រះរាជបូជនីយកិច្ចអស់កាយពលដើម្បីជាតិមាតុភូមិ ពិសេសគឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីនឹម អណានិគមរបស់បារាំងសេះ ។ ការលះបង់ក្នុងព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គគឺពិតជាពុំអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ ហើយត្រូវបានបារាំងប្រគល់ឯករាជ្យទាំងស្រុងមកឱ្យកម្ពុជាវិញ នៅខែមេសា នាឆ្នាំ១៩៥៥។
ជាមួយនិងការលើកឡើងនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលពេញមួយជីវិតរបស់ព្រះអង្គគឺសុទ្ធតែបានលះបង់ចំពោះជាតិ មាតុភូមិនិងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ឯកឧត្តម វ៉ី សំណាង ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានសុំយាងព្រះវិញ្ញាណក្ខន្ធព្រះអង្គបានទៅកាន់ព្រះបរមសុខក្នុងសុគតិភព និងឱ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាពវិបុលភាព និងសេចក្ដីសុខក្សេមក្សាន្តរុងរឿង ៕ ដោយ៖ម៉ុន សំអាត