តម្លៃទំនិញក្នុងខែកញ្ញារបស់ចិន កើនឡើងក្នុងល្បឿនលឿន
ចិន៖តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិនកាលពីខែកញ្ញា បានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០២០។ ការកើនឡើងនៃអតិផរណានេះ មានមួយចំណែកធំបណ្តាលមកពីការឡើងថ្លៃម្ហូបអាហារ។ សន្ទស្សន៍តម្លៃទំនិញនាពេលនេះ បង្ហាញពីវិសាលភាពនៃគោលនយោបាយចាំបាច់បន្ថែម ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយសារវិធានការរឹតត្បិតកូវីដ១៩ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) ឬអតិផរណា នៅក្នុងខែកញ្ញាបានកើនឡើង ២,៨ភាគរយធៀបនឹងឆ្នាំមុន និងបានកើនឡើងពី ២,៥ភាគរយក្នុងខែសីហា។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) នៅថ្ងៃសុក្រ ទី១៤ ខែតុលា ដែលទិន្នន័យនេះគឺដូចគ្នានឹងការព្យាករតាមរយៈការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ(Reuters)។
អតិផរណាបានកើនឡើងដោយសារតម្លៃម្ហូបអាហារបានកើនឡើងប្រមាណ៨,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានកើនឡើងពី ៦,១ភាគរយក្នុងខែសីហា។ ចំពោះតម្លៃសាច់ជ្រូកបានហក់ឡើង ៣៦ភាគរយ ពីតួលេខ ២២,៤ភាគរយកាលពីខែសីហា។ ចំណែកឯតម្លៃបន្លែវិញបានកើនឡើង១២,១ភាគរយ បន្ទាប់ពីការកើនឡើង ៦ភាគរយកាលពីខែសីហា។
ចំណែកអតិផរណាស្នូលដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលដែលកំពុងប្រែប្រួល គឺមានតែ ០,៦ភាគរយដែលធៀបនឹងខែសីហាមាន ០,៨ភាគរយ។ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានកើនឡើងក្នុងល្បឿនយឺតបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ ពោលគឺកើនឡើង ០,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈខែសីហាវាមានកំណើន ២,៣ភាគរយ។
អ្នកជំនាញរំពឹងទុកថាអត្រាអតិផរណាអ្នកផលិតនឹងថយចុះវិញច្រើន ដោយសារតែការថយចុះនៃតម្លៃប្រេងឥន្ធនៈ។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក មានសន្ទុះតិចតួចក្នុងខែមិថុនា ហើយបានជួបការលំបាកក្នុងការទាញកំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារមានវិធានការរឹតត្បិតជំងឺរាតត្បាតកូវីដ១៩ បូករួមនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារអចលនទ្រព្យ និងការនាំចេញ។
គិតត្រឹមថ្ងៃទី១០ ខែតុលា ទីក្រុងចំនួន ៣៦នៅក្នុងប្រទេសចិន ដែលមានប្រជាជនប្រមាណជិត ១៤ភាគរយនៃប្រជាជនសរុប និងមាន GDP ស្មើនឹង ១៩,៧ភាគរយ បានដាក់ចេញវិធានការទប់ស្កាត់កូវីដ១៩ ឬក៏ការរឹតបន្តឹងមួយចំនួន ដើម្បីបន្ថយការឆ្លងជំងឺនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារ ទី១១ ខែតុលា បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិននាឆ្នាំ២០២២ មកត្រឹមតែ ៣,២ភាគរយប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៣ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ចិននឹងមានកំណើនសេដ្ឋកិច្ច ៤,៤ភាគរយ៕
ដោយ៖ យ៉ាន អាន ប្រភព៖ www.channelnewsasia.com