សភា តួកគីបានអនុម័តសំណើច្បាប់ដាក់ពន្ធនាគាររហូតដល់បីឆ្នាំសម្រាប់អ្នកចែកចាយព័ត៌មានមិនពិត
តួកគី៖ សភាតួកគី នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតអនុម័តសំណើច្បាប់ ស្តីពីការចែកចាយព័ត៌មានមិនពិត ដែលអាចចាប់អ្នកកាសែត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដាក់ពន្ធនាគារដល់ទៅបីឆ្នាំ។ ច្បាប់ថ្មីដែលកំពុងឆ្លងការអនុម័តចុងក្រោយដោយប្រធានាធីបតីតួកគីមុនដាក់ឱ្យអនុវត្ត បានរងការព្រមានពីការប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិ ពិសេសការបំបិទសំឡេងដេញដោលក្នុងវេទិសាធារណៈ នៅមុនការបោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ។
ជាសំណើព្រាងច្បាប់ តាក់តែងឡើងដោយគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) ដែលកំពុងកាន់អំណាចនៅតួកគី សំដៅពង្រឹងវិស័យសារព័ត៌មានក្នុងស្រុក ក៏ដូចជាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។
បទប្បញ្ញត្តិនៃសំណើច្បាប់ថ្មីខាងលើនេះ មានចែងថា អ្នកដែលត្រូវបានរកឃើញថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដោយចេតនាណាមួយ បង្កឱ្យមានការភ័យស្លន់ស្លោ បង្កគ្រោះថ្នាក់ដល់កងកម្លាំងសន្តិសុខ និងភាពអសន្តិសុខសង្គម បុគ្គលនោះនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ទៅបីឆ្នាំ។ សំណើច្បាប់នេះក៏បានលើកឡើងថា ការដាក់កម្រិតទោសទណ្ឌនេះនឹងត្រូវដំឡើងថែមទៀត ប្រសិនបើជនមានពិរុទ្ធនោះមិនបានរាងចាល ហើយមានប្រវត្តិធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយតាមគណនីបណ្តាញសង្គមរបស់ខ្លួនពីមុនមក។
នៅពេលសំណើច្បាប់នេះដាក់ឱ្យអនុវត្ត អាជ្ញាធរតួកគី មានសិទ្ធិទាមទារឱ្យបណ្តាក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ដែលមានអ្នកប្រាស់តួកគីច្រើនជាងមួយលាននាក់ដូចជា Facebook WhatsApp ឬ Google ជាដើម ត្រូវដាក់អ្នកតំណាងប្រចាំនៅប្រទេសតួកគី និងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់តែនៅក្នុងប្រទេសតែប៉ុណ្ណោះ។
បន្ថែមពីនេះ បណ្តាក្រុមហ៊ុនទាំងនោះត្រូវតែបង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅពេលមានការស្នើសុំពីអាជ្ញាធរ និងត្រូវបង្ហាញការប្រើប្រាស់ប្រព័ន្ធទាញយកអ្វីដែលគេពិភាក្សាច្រើនជាងគេឱ្យលោតអណ្តែតឡើង (ប្រព័ន្ធ Algorithm) ទៅកាន់រដ្ឋាភិបាលតួកគី ដោយគ្មានលក្ខខ័ណ្ឌ។
ដោយឡែក សម្ព័ន្ធអង្គការដែលធ្វើការងារពាក់ព័ន្ធសេរីភាពសារព័ត៌មាននៅតួកគីចំនួន ២២ស្ថាប័ន បានរិះគន់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ គឺជាការបើកផ្លូវស្របច្បាប់ឱ្យរដ្ឋាភិបាលចូលជ្រៀតជ្រែកការផ្សព្វផ្សាយព័ត៌មាន ឬការផ្តល់ដំណឹងតាមប្រព័ន្ធអនឡាញ និងជាការដាក់ទោសឧក្រិដ្ឋធ្ងន់ធ្ងរចំពោះវិស័យសារព័ត៌មានតួកគី ក្នុងការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការដេញដោលសារធារណៈ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ខាងមុខ។
គួរជ្រាបថា តាមការចាត់ថ្នាក់សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២ របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporter sans frontière) តួកគីស្ថិតនៅក្នុងលេខរៀងទី១៤៩ ក្នុងចំណោម ១៨០ប្រទេស។ អង្គការអ្នកកាសែតគ្មានព្រំដែន បានសម្តែងក្តីបារម្ភ អំពីតម្លាភាពនិងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានក្នុងដំណើរការបោះឆ្នោតរបស់តួកគីខាងពេលខាងមុខ៕ ដោយ៖ បណ្តូល ពេជ្រ