កម្ពុជា សល់ប្រធានបទក្តៅពីរ ដែលត្រូវដោះក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កិច្ចប្រជុំកំពូលអាស៊ានដែលមានកម្ពុជាជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។ មានបញ្ហាអន្តរជាតិជាច្រើន ដែលនឹងត្រូវលើកមកពិភាក្សា ក៏ប៉ុន្តែបញ្ហាស្មុគស្មាញពីរធំៗនោះ គឺ បញ្ហាភូមា និងបញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន គឺជាប្រធានបទដែលកម្ពុជាត្រូវដោះជាថ្មី នៅក្នុងកិច្ចប្រជុំពេលខាងមុខ។

លោក ពុយ គា អ្នកឆ្លងឆ្លើយសារព័ត៌មានក្យូតូ និងជាអ្នកតាមដាននយោបាយការបរទេសកម្ពុជា បានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែរ» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលានេះថា​៖ «កិច្ចប្រជុំនៅខាងមុខនេះ មានប្រធានបទពីរធំដែលកម្ពុជាត្រូវជម្រះជាមួយប្រទេសពាក់ព័ន្ធ គឺរឿងទីមួយ បញ្ហាភូមា និងទីពីរ  រឿងអ៊ុយក្រែន ជាមួយរុស្ស៊ី ដោយសារថាមានប្រទេសដែលត្រូវពាក់ព័ន្ធ ហើយឯកសារហ្នឹងត្រូវសម្រួលពាក្យពេចន៍សំខាន់ ដោយសារប្រទេសភាគច្រើន គេចង់ប្រើពាក្យធ្ងន់ៗដាក់ភូមាទៀត ។ហេតុដូច្នេះកម្ពុជាក្នុងនាមម្ចាស់ផ្ទះ គាត់ត្រូវសម្របសម្រួលយ៉ាងដូចម្តេច ក៏ដូចគ្នាទៅនឹងអ៊ុយក្រែន»។

ក្នុងសង្រ្គាមអ៊ុយក្រែននិងរុស្ស៊ី លោក ពុយ គា លើកឡើងថា៖ «សង្រ្គាម​របស់រុស្ស៊ីដែលគេថ្កោលទោសច្រើននេះ ការឈ្លានពាននេះថា ប្រើពាក្យ  Condemn (ថ្កោលទោស) ថាតើកម្ពុជាហ៊ានដាក់ទេពាក្យហ្នឹងឬក៏យ៉ាងម៉េច?»។

យ៉ាងណាមិញ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជារៀបចំខាងមុខនេះ លោក ពុយ គា យល់ថា មិនមែនជាវេទិកាយកបញ្ហាដាច់ដោយឡែកមួយៗមកជជែកឡើយ។

លោកថា៖ «យើងមើលដូចខ្ញុំបញ្ជាក់ខាងដើម គឺកម្រិតប៉ុននេះហើយកម្ពុជា នឹងព្យាយាមពន្យល់រុស្ស៊ី ធ្វើយ៉ាងណាឲ្យរុស្ស៊ីទទួលយកជំហររបស់កម្ពុជា​ ដូចដែលយើងធ្វើ Co-sponsor (សហស្ថាបនិក) ហ្នឹង ។យើងធ្វើបានពីរដង ហើយរុស្ស៊ីគាត់យល់យោគពីជំហររបស់យើងដែរ»។

ប្រធានបទសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានក្លាយជាប្រធានក្តៅមួយនៃការជជែកក្នុងការវេទិកាអន្តរជាតិ នាពេលកន្លងមក។ ជាក់ស្តែង កាលពីអំឡុងខែមេសានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជា​រៀបចំនោះ បញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏ត្រូវបានប្រមុខដឹកនាំប្រទេសនានា រួមទាំងកម្ពុជា​បានជជែកដេញដោលពីបញ្ហានេះ។

នៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ក៏ធ្លាប់បានបោះឆ្នោតថ្កោលរុស្ស៊ីចំនួនពីរលើកមកហើយ ទាក់ទងទៅនឹងទង្វើឈ្លានពានលើអធិបតេយ្យភាពរបស់អ៊ុយក្រែន និងការកាត់យកទឹកដីអ៊ុយក្រែនបួនតំបន់មកធ្វើជាកម្មសិទ្ធិ។

ការបោះឆ្នោតចុងក្រោយ កាលពីថ្ងៃទី១២ខែតុលាកន្លងទៅនេះ កម្ពុជាបានធ្វើជាសហស្ថាបនិកជាថ្មីក្នុងការថ្កោលទោសសកម្មភាពរុស្ស៊ី ដែលកាត់យកទឹកដីចំនួនបួនតំបន់របស់អ៊ុយក្រែន មកកាន់កាប់។

យ៉ាងណាមិញ ជំហររួមរបស់អាស៊ានហាក់មិនមាននោះទេ នៅក្នុងការថ្កោលទោសលើរុស្ស៊ី។ នេះដោយដ្បិតថា ប្រទេសមួយចំនួន ដូចជា ថៃ ឡាវ និងវៀតណាម បានបោះឆ្នោតអនុប្បវាទទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសរុស្ស៊ីដែលដណ្តើមយកទឹកដីអ៊ុយក្រែនចំនួនបួនតំបន់៕

ដោយ៖សេក ប្រាក់

ads banner