រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នាទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីតួនាទីសំខាន់របស់ CICA ក្នុងការរួមចំណែកកសាងតំបន់អាស៊ីដ៏រឹងមាំ និងរួបរួមគ្នាតាមរយៈ (១) ការគាំទ្រប្រព័ន្ធអន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ ដោយមានអង្គការសហប្រជាជាតិជាស្នូល ដែលជំរុញកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា (២) ការគោរពអធិបតេយ្យភាព និងឯករាជ្យភាព និងមាគ៌ាអភិវឌ្ឍន៍រៀងៗខ្លួនផងដែរ និង (៣) គោលគំនិតនៃសន្តិសុខដ៏ទូលំទូលាយ។
កិច្ចប្រជុំកំពូលត្រូវបានប្រព្រឹត្តឡើងប្រកបដោយជោគជ័យ ដោយមានការចូលរួមពីរដ្ឋសមាជិក រដ្ឋនិងអង្គការសង្កេតការណ៍ អង្គការដៃគូ និងភ្ញៀវរបស់ប្រធាននៃកិច្ចប្រជុំកំពូលសរុបចំនួន ៥៣ ដោយបានផ្តួចផ្តើមដំណើរការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិតំបន់ពេញលេញ និងព្រមទាំងបាន
អនុម័តលើសមាជិកភាពថ្មីនៃប្រទេសគុយវ៉ែត ដើម្បីក្លាយជាសមាជិកទី២៨ របស់ CICA។
CICA គឺជាវេទិកាពហុភាគីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងពិភពលោកទាំងមូល។ សម្រាប់ខួប៣០ ឆ្នាំរបស់ CICA មានវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលមួយចំនួនដូចជា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋតួកគី និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងចំណោមគណៈប្រតិភូ និងភ្ញៀវកិត្តិយសដទៃទៀត។
នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបានអនុម័តឯកសារលទ្ធផលចំនួន៥ រួមមាន (១) សេចក្ដីថ្លែងការណ៍ទីក្រុងអាស្តាណាស្តីពីការប្រែក្លាយ CICA ពីវេទិកាទៅជាអង្គការអន្តរជាតិ (២) បទប្បញ្ញត្តិស្តីពីមូលនិធិ CICA (៣) ផែនការសកម្មភាព CICA ស្ដីពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ (៤) សេចក្ដីថ្លែងការណ៍ថ្នាក់ដឹកនាំ CICA ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង (៥) សេចក្ដីសម្រេចស្តីពីការបន្តអាណត្តិប្រធាន CICA របស់កាហ្សាក់ស្ថានសម្រាប់ឆ្នាំ២០២២-២០២៤ ៕ ដោយ សួង ពិសិដ្ឋ