ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង ប៉ះពាល់ដំណាំស្រូវនៅ៤៦ឃុំ និងខូចខាតទាំងស្រុងជិតពីរម៉ឺនហិកតា
បាត់ដំបង៖ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ ខេត្តបាត់ដំបងបានបង្ហាញពីផលប៉ះពាល់និង ការ ខូចខាត ដំណាំស្រូវដំណាំសាកវប្បកម្មនិងដំណាំកសិឧស្សាហកម្មនៅក្នុងខេត្តបាត់ដំបង ដោយសារតែជំនន់ទឹកភ្លៀង។
លោកបានបញ្ជាក់ថាតាមរយៈការចុះវាយតម្លៃពីក្រុមការងាររបស់ក្រសួងនិងមន្ទីរជំនាញក្នុងខេត្តនិងមន្រ្តីជំនាញពាក់ព័ន្ធ របស់ អាជ្ញាធរ នៅក្នុងមូលដ្ឋានផ្ទាល់ ទៅលើទិដ្ឋភាពរួមជាក់ស្តែង នៃផ្ទៃដីដំណាំ ស្រូវនៅតាមបណ្តាស្រុក ដែលរងផលប៉ះពាល់ខូចខាតគិតត្រឹម ថ្ងៃទី១៣ខែតុលានៅទូទាំងខេត្តបាតដំបងមានផ្ទៃដីប៉ះពាល់និងខូចខាតលើដំណាំស្រូវក្នុងស្រុកចំនួនប្រាំបួនដែលមានឃុំចំនួន៤៦ស្មើនឹងភូមិចំនួន២៨២ភូមិ។គិតជាគ្រួសាររងប៉ះពាល់មានចំនួន ២០.៥២៥ គ្រួសារ និងគ្រួសារដែលរងការខូចខាតសរុប ១៩. ៨៧៥គ្រួសារ។ផ្ទៃដីដែលរងប៉ះពាល់ចំនួន ៤៥.៨១២ហិកតា និងផ្ទៃដីខូចខាត ចំនួន ២៧.២៣៣ហិកតា។
លោកប្រធានមន្ទីរបានបន្ថែមទៀតថាដោយឡែកដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មមានផ្ទៃដីប៉ះពាល់សរុប ២៥.៦២៧ ហិកតានិងផ្ទៃ ដីខូចខាតសរុប១០.៣៤៧ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ចំនួន២៧ឃុំ ស្មើនឹងភូមិ ចំនួន៣១ភូមិ។
ទាក់ទងនឹងបញ្ហានេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងតែផ្តោតការ យកចិត្តទុកដាក់ ជំរុញឱ្យមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្មខេត្តបាត់ដំបង និងដោយមានកិច្ចសហការ ពីថ្នាក់ដឹកនាំក្រសួងកសិកម្មផ្ទាល់ ដែលបានចុះមកប្រចាំការនៅក្នុងខេត្តដើម្បីចុះពិនិត្យអង្កេតធ្វើការវាយតម្លៃផល ប៉ះពាល់និងការខូចខាតដំណាំស្រូវឱ្យបានត្រឹម ត្រូវ ម៉ត់ចត់ ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការ ដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងរងការខូចខាតដំណាំស្រូវដូចជាស្បៀងសង្គ្រោះបន្ទាន់ជួយសម្រាលការលំបាកនិងផ្តល់ស្រូវពូជ ពូជបន្លែផ្សេងៗ ដើម្បីយកទៅដាំដុះឡើងវិញនៅពេល ដែលទឹកស្រកនិង អាកាសធាតុប្រសើរឡើងវិញ៕ ដោយ៖ អ៊ុក សំអាន ប.ប