រុស្ស៊ីបញ្ជាជួសជុលស្ពានគ្រីមៀឱ្យរួចរាល់នៅត្រឹមខែកក្កដា ឆ្នាំ២០២៣

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា ការជួសជុលស្ពាននៅតំបន់គ្រីមៀ អាចចំណាយពេលច្រើនខែ បន្ទាប់ពីការផ្ទុះនៅលើបណ្តាញផ្គត់ផ្គង់ដ៏សំខាន់ ដែលបង្កឱ្យមានការវាយប្រហារដោយមីស៊ីលសងសឹកលើអ៊ុយក្រែន។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី នៅក្នុងក្រឹត្យមួយដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានបញ្ជាឱ្យក្រុមហ៊ុនមានភារកិច្ចរ៉ាប់រ៉ងលើការរចនា និងការស្ដារឡើងវិញនូវការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធវិស្វកម្មនៃស្ពានគ្រីមៀដែលត្រូវបានបំផ្លាញ បញ្ចប់ការងារឱ្យបានទាំងស្រុងនៅត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាការផ្ទុះនៅលើស្ពានគ្រីមៀង កាលពីសប្តាហ៍មុនថា ជាសកម្មភាពភេរវករ ហើយនៅក្នុងការសងសឹកវិញនោះ កងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនអស់រយៈពេលពីរថ្ងៃ ជាមួយនឹងការបាញ់មីស៊ីលផ្លោង ដែលបានវាយប្រហារទៅលើកន្លែងថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ហើយក៏រំខានដល់ការផ្គត់ផ្គង់ទឹកផងដែរ៕ ប្រភព៖ AFP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner