រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២) ដោយមានព្រះរាជពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ។

គួរកត់សម្គាល់ផងដែរថា៖ គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជា ទទួលបានឯករាជ្យពេញបរិបូណ៍បាន ៦៧ឆ្នាំហើយ ពីអាណានិគមនិយមបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តាមរយៈការតស៊ូដ៏ស្វិតស្វាញ និងក្លាហានបំផុតក្រោមព្រះរាជ្យកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ។

សូមជម្រាបជូនផងដែរថា៖ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងបានយាងចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១ និង២០នាទីយប់ (ម៉ោងនៅកម្ពុជា) នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយជរាពាធ។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

នៅឆ្នាំ២០២២នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ មន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ ដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមបំផុត។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យ និងចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានគ្រប់គ្នាផងដែរ។

គួររំលឹកថា វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner