រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសត្រូវបានបណ្តេញចេញ ខណៈអតីតរដ្ឋមន្ត្រីការបរទេសចូលមកជំនួស
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានបណ្តេញរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Kwasi Kwarteng ចេញពីតំណែង នៅថ្ងៃសុក្រ ទី១៤ ខែតុលា ភ្លាមៗមុនពេលលោកស្រីត្រូវបានគេគិតថា នឹងលុបចោលផ្នែកខ្លះនៃកញ្ចប់សេដ្ឋកិច្ចរបស់ពួកគេ ក្នុងគោលបំណងដើម្បីរស់រានមានជីវិតពីទីផ្សារនិងភាពចលាចលនយោបាយ ដែលកំពុងកាន់កាប់ប្រទេស។
លោក Kwarteng ធ្លាប់បានប្រកាសពីគោលនយោបាយសារពើពន្ធថ្មី កាលពីថ្ងៃទី ២៣ ខែកញ្ញា ដោយផ្តល់នូវចក្ខុវិស័យរបស់លោកស្រី Truss សម្រាប់ការកាត់បន្ថយពន្ធយ៉ាងច្រើន និងនិយតកម្ម ដើម្បីព្យាយាមធ្វើឱ្យសេដ្ឋកិច្ចចេញពីភាពទ្រឹងនៃកំណើន ជាច្រើនឆ្នាំ។ ប៉ុន្តែការឆ្លើយតបពីទីផ្សារថា មានភាពមិនពេញចិត្តខ្លាំង ដោយទាមទារឲ្យធនាគារនៃប្រទេសអង់គ្លេសត្រូវធ្វើអន្តរាគមន៍ដើម្បីការពារមូលនិធិសោធននិវត្តន៍ ពីការជាប់គាំង នៅក្នុងភាពវឹកវរដោយសារតែការចំណាយលើប្រាក់កម្ចី និងកម្ចីទិញផ្ទះបានកើនឡើង។
ការិយាល័យនាយករដ្ឋមន្ត្រី បានប្រកាស តាមរយៈសេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីការបរទេសលោក Jeremy Hunt ត្រូវបានតែងតាំងជាអ្នកជំនួសលោក Kwarteng ។
លោក Kwarteng បាននិយាយថា គាត់បានលាលែងពីតំណែងតាមសំណើរបស់ Truss បន្ទាប់ពីបានប្រញាប់ប្រញាល់ត្រឡប់ទៅទីក្រុងឡុងដ៍ ក្រោយចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Truss ដែលកាន់អំណាចត្រឹមតែ ៣៧ថ្ងៃប៉ុណ្ណោះ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់បន្ថែម ពីរឿងនេះ។
គួរបញ្ជាក់ថា លោក Jeremy Hunt អតីតរដ្ឋមន្ត្រីការបរទេសធ្លាប់បានបរាជ័យពីរដង ក្នុងការឈរឈ្មោះសម្រាប់ការគ្រប់គ្រងរបស់គណបក្សអភិរក្សនិយម ដែលធ្លាប់ចាញ់លោក Boris Johnson ហើយបន្ទាប់មក ត្រូវបានធ្លាក់ចេញពីការបោះឆ្នោតជុំទីមួយ នៅក្នុងការប្រកួតដែលលោកស្រី Truss ឈ្នះ។
លោក Jeremy Hunt ត្រូវបានគេមើលឃើញថា នៅខាងស្តាំកណ្តាលនៃគណបក្ស ហើយលោកគឺជាអ្នកគាំទ្រគូប្រជែងដឹកនាំ របស់លោកស្រី Truss ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak ឱ្យក្លាយជានាយករដ្ឋមន្ត្រី ហើយត្រូវបានមើលឃើញដោយមនុស្សជាច្រើននៅក្នុងគណបក្សថា ជាដៃគូដែលមានសុវត្ថិភាព។
លោក Hunt ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីសុខាភិបាល និងជារដ្ឋមន្ត្រីវប្បធម៌ បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុទីបួន របស់ចក្រភពអង់គ្លេស នាពេលនេះ៕ ប្រភពពី CAN , ដោយ៖ សារ៉ាត