អាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាជាដៃគូអន្តរជាតិដែលគួរឱ្យទុកចិត្តតិចជាងមុន
អាល្លឺម៉ង់៖ការស្ទង់មតិថ្មីមួយក្នុងចំណោមប្រទេសចំនួន១៤ រកឃើញថា ប្រទេសអាល្លឺម៉ង់ បានក្លាយជាដៃគូដែលមិនសូវគួរឱ្យទុកចិត្តបើប្រៀបធៀបនឹងឆ្នាំទៅមិញ(២០២១)។តែយ៉ាងណាក៏ដោយក៏អាល្លឺម៉ង់នៅតែត្រូវបានគេមើលឃើញថាស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏ល្អបំផុត និងជាមេដឹកនាំមានឥទ្ធិពលរបស់អឺរ៉ុបដដែលដែរ។
លទ្ធផលនៃការស្ទង់មតិថ្មីបង្ហាញថា ប្រទេសអាល្លឺម៉ង់ត្រូវបានគេមើលឃើញថា ជាដៃគូដែលគួរឱ្យទុកចិត្តតិចជាងកាលពីឆ្នាំ២០២១ ទាំងនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។
ការថយចុះគួរឱ្យកត់សម្គាល់បំផុតដែលត្រូវបានកត់ត្រាដោយមូលនិធិ ម៉ាស្ហ៊ល (Marshall) របស់អាល្លឺម៉ង់ រួមនិងការសិក្សារបស់មូលនិធិ បឺថលម៉េន (Bertelsmann) គឺនៅក្នុងសហរដ្ឋអាមេរិក។ អាមេរិកដែលជាទីមានការធ្លាក់ចុះ ៩ពិន្ទុ ក្នុងការយល់ឃើញថាអាល្លឺម៉ង់ ជាដៃគូដែលអាចទុកចិត្តបាន និងនៅក្នុងប្រទេសប៉ូឡូញ ថយចុះ ១៥ពិន្ទុ ដែលនិន្នាការនេះផ្ទុយទៅនឹងឆ្នាំ ២០២១កន្លងទៅ។
លោក ប៊្រេនដុន ប៊ន (Brandon Bohrn) អ្នកស្រាវជ្រាវនៅមូលនិធិ បឺថលម៉េន និងជាអ្នកនិពន្ធម្នាក់នៃរបាយការណ៍ខាងលើ បាននិយាយថា ការឆ្លើយតបស្ទាក់ស្ទើររបស់អាល្លឺម៉ង់នៅក្នុងខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនងជាហេតុផលចម្បង ដែលនាំឲ្យគេគិតថា អាល្លឺម៉ង់ គឺជាដៃគូអន្តរជាតិដែលគួរឱ្យទុកចិត្តតិចជាងមុន។
«នៅពេលដែលអ្នក ធ្វើដំណើរទៅកាន់តែកៀកអឺរ៉ុបខាងកើត អ្នកនឹងមានអារម្មណ៍ដឹងពីការចូលរួមរបស់អាល្លឺម៉ង់ ដោយសារវាទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន និងការជួយផ្នែកយោធា ហើយខ្ញុំគិតថានោះជាអ្វីដែលយើងកំពុងមើលឃើញនៅក្នុងករណីនៃប្រទេសប៉ូឡូញ»។ នេះ គឺជាប្រសាសន៍របស់លោក ប៊ន ប្រាប់ទៅកាន់សារព័ត៌មានអាល្លឺម៉ង់ DW។
ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវនៅមូលនិធិ បឺថលម៉េន រូបនេះ ក៏បានចង្អុលបង្ហាញដែរថា នៅក្នុងប្រទេសរ៉ូម៉ានី និងលីទុយអានី ជាកន្លែងដែលអាល្លឺម៉ង់ កំពុងរួមចំណែកដល់កងកម្លាំងអូតង់ ដែលឈរជើងនៅក្នុងប្រទេសទាំងនោះ ការយល់ឃើញគឺខុសផ្ទុយពីគ្នាទៅវិញ។ ខុសត្រង់នៅត្រង់ថាប្រជាពលរដ្ឋរ៉ូម៉ានីរហូតល ៨២ភាគរយ និង ៧០ភាគរយ នៃពលរដ្ឋលីទុយអានី សម្លឹងឃើញថា អាល្លឺម៉ង់គឺជាប្រទេសដែលគេអាចទុកចិត្តបាន។
ការស្ទង់មតិដែលរកឃើញថា អាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាជាដៃគូអន្តរជាតិដែលគួរឱ្យទុកចិត្តតិចជាងមុន ទំនងជាធ្វើឲ្យមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលជាមិនខាន។ ជាការពិត ទោះបីជាមានការធ្លាក់ចុះនៃការជឿទុកចិត្តចំពោះអាល្លឺម៉ង់នាពេលថ្មីៗនេះក៏ដោយ ក៏ប្រទេសបងធំអឺរ៉ុបមួយនេះ នៅតែស្ថិតក្នុងចំណោមប្រទេសដែលគួរឱ្យទុកចិត្តបំផុតទាំងបីនៅលើពិភពលោក រួមជាមួយនឹងប្រទេសស៊ុយអែត និងកាណាដា ដោយមានអ្នកឆ្លើយសំណួរជាមធ្យមចំនួន ៧០% ចាត់ទុកថាប្រទេសអាល្លឺម៉ង់ អាចជឿទុកចិត្តបាន។
លោកស្រី ហ្សេស្ហ៊ីន វ៉េប៊ែរ (Gesine Weber) អ្នកវិភាគស្រាវជ្រាវនៅទីក្រុងប៉ារីសប្រទេសបារាំង បានមានប្រសាសន៍ថា គេកំពុងតែត្អូញត្អែរ អំពីការបាត់បង់ភាពជឿជាក់លើប្រទេសមួយដែលស្ថិតនៅកម្រិតខ្ពស់បំផុត។
គួរជ្រាបថា ការស្ទង់មតិដែលគ្របដណ្តប់លើគំរូតំណាងនៃមនុស្ស ១ ៥០០ នាក់ ក្នុង ១៤ប្រទេស (សមាជិកសហភាពអឺរ៉ុបដ៏ធំបំផុតទាំងអស់បូករួមទាំងតួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា) ត្រូវបានចាប់ធ្វើឡើងនៅចុងខែមិថុនា រយៈពេលបួនខែក្នុងអំឡុងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សំណួរដែលសួរទៅកាន់អ្នកឆ្លើយតប គឺដើម្បីវាយតម្លៃប្រទេសរបស់គ្នាទៅវិញទៅមក ក៏ដូចជាប្រទេសរបស់ពួកគេផ្ទាល់ លើបញ្ហាជាច្រើនទាក់ទងនឹងឥទ្ធិពលរបស់ប្រទេសក្នុងកិច្ចការជាច្រើនក្នុងពិភពលោក។ ភាពចលាចលអន្តរជាតិ ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាកត្តាដ៏សំខាន់មួយដែលមានឥទ្ធិពលលើលទ្ធផលនៃការស្ទាបស្ទង់មតិនេះ៕
ដោយ៖ លី លីយ៉ា