ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើនៅថ្ងៃស្អែក
ភ្នំពេញ៖ ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយសំឡេងគាំទ្រ១១១សំឡេង។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសេចក្តីក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ