អារ៉ាប៊ីសាអូឌីត នឹងផ្តល់ជំនួយមនុស្សធម៌ជាង ៤០០ លានអឺរ៉ូ ដល់អ៊ុយក្រែន
អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថានឹងផ្តល់ជំនួយមនុស្សធម៌ ក្នុងទំហំជាង ៤០០ លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ។ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈដែល មាន សេចក្តីរាយការណ៍ថា ព្រះរាជបុត្រ ស្នងរាជ្យ អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាមេដ បេនសាលម៉ាន បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ។
យោងតាម ទីភ្នាក់ងារ ព័ត៌មាន អារ៉ាប៊ីសាអូឌីត Saudi SPA ព្រះអង្គម្ចាស់ បេនសាលម៉ាន បានសង្កត់ធ្ងន់ ពីជំហរ របស់ព្រះរាជាណាចក្រទ្រង់ ក្នុងការគាំទ្រអ្វីគ្រប់យ៉ាងទាំងអស់ ដែលនឹងរួមចំណែក ដល់ការកាត់បន្ថយ កម្តៅនៃភាពតានតឹង និងការត្រៀមខ្លួនរបស់ ទីក្រុងរីយ៉ាដ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង នៃការសម្របសម្រួល ជម្លោះ ។
កាលពីខែមុន អារ៉ាប៊ីសាអូឌីត បានដើរតួនាទី ដែលគេមិននឹកស្មានដល់ ក្នុងដំណើរសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងទីក្រុងមូស្គូ និងកៀវ ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យគេ មានការភ្ញាក់ ផ្អើល ជាខ្លាំង និងបាន លើក ឡើង ជា សំណួរ ថា តើ អារ៉ាប៊ីសាអ៊ូឌីត ដែល ជា ប្រទេស មជ្ឈិមបូព៌ា គ្មានអ្វី ត្រូវ ពាក់ព័ន្ធ រឿងនេះ តែបែរ ក្លាយ ខ្លួន ជា អន្តរការី ដោះស្រាយ បញ្ហា ហ្នឹង យ៉ាងម៉េច កើត ។
សង្រ្គាមនៅអ៊ុយក្រែន បានជំរុញឱ្យមានភាពតានតឹង រវាង អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក បន្ទាប់ពីបន្ទាប់ពីក្រុងរីយ៉ាដ បាន សម្រេច កាត់ បន្ថយ ការ ផលិតប្រេងក្នុងចំនួនដ៏ច្រើន ក្នុង ពេលដែល ពិភពលោក កំពុងតែ ប្រឈម ខ្លាំងទៅ នឹង វិបត្តិ ថាមពល ដែល បណ្តាលមកពី សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន ។
សហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំង ចំពោះអារ៉ាប៊ីសាអូឌីត ដែលបានសហការជាមួយ រុស្ស៊ី និង សម្ព័ន្ធមិត្ត ផ្សេងទៀត ក្នុងការ កាត់បន្ថយ ការ បូមប្រេង ដោយមិនខ្វល់ ពីការទទូច ស្នើសុំ ក្រោម ហេតុ ផល សេដ្ឋកិច្ច និង ទ្រទ្រង់ ទីផ្សារ ប្រេង ឱ្យ មាន និរន្តរភាព ។
ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ ក្រុមប្រទេសផលិតប្រេង OPEC+ ថាបាន ចងសម្ព័ន្ធភាព ជាមួយប្រទេស រុស្ស៊ី ហើយលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ថែមទាំងបានចេញមុខ ព្រមាន អារ៉ាប៊ីសាអូឌីតដែល ចូលដៃ សហការ ជាមួយទីក្រុងមូស្គូ ធ្វើ ឱ្យ ប្រេង ឡើង ថ្លៃទៀតផង ។ កាលពីថ្ងៃពុធ លោក ចូ បៃដិន បានព្រមានពីផលវិបាក សម្រាប់ អារ៉ាប៊ីសាអូឌីតក្នុងការ រួមដៃ ជាមួយរុស្ស៊ី នេះ៕ ដោយ៖ លី លីយ៉ា