ឥណ្ឌាអះអាងពីជោគជ័យនៃការសាកល្បងបាញ់មីស៊ីលបាលីស្ទីកចេញពីនាវាមុជទឹក

ឥណ្ឌា៖ប្រទេសឥណ្ឌាបានសាកល្បងដោយជោគជ័យលើការបាញ់មីស៊ីលឧបទ្វីបបាលីស្ទីកចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនលើកដំបូងបង្អស់ដែលមានឈ្មោះថា INS Arihant​។ បើតាមការគូសបញ្ជាក់ពីក្រសួងការពារជាតិឥណ្ឌា នេះជាអ្វីដែលគេចាត់ទុកថា ជាការបង្កើនសមត្ថភាពយោធាយ៉ាងសម្បើមសម្រាប់ប្រទេសនេះ។

កាលពីថ្ងៃសុក្រ ទី១៤ ខែតុលាកន្លងទៅថ្មីៗនេះ ក្រសួងការពារជាតិឥណ្ឌាបានចេញនូវសេចក្តីថ្លែងការណ៍មួយថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទីកនេះ គឺជាភស្តុតាងបញ្ជាក់ពី សមត្ថភាពកងនាវិកខ្លួន និងសបញ្ជាក់ពីសមត្ថភាពកាំជ្រួចមីស៊ីលឧបទ្វីបបាលីស្ទីករបស់នាវាមុជទឹកឥណ្ឌា ដែលជាកត្តារួមផ្សំយ៉ាងសំខាន់នៃសមត្ថភាពរបស់ឥណ្ឌាក្នុងការទប់ស្កាត់អាវុធនុយក្លេអ៊ែរ។

ក្រសួងការពារជាតិឥណ្ឌាបានបន្ថែមថា រាល់ប្រព័ន្ធប្រតិបត្តិការនិងបច្ចេកវិទ្យាប៉ារ៉ាម៉ែត្រនៃកាំជ្រួចមីស៊ីលឧបទ្វីបនេះ ត្រូវបានដាក់ឱ្យដំណើរការពីនាវាមុជទឹក INS Arihant នៅជ្រោយឈូងសមុទ្របឹងហ្គាល់។

តាមរយៈការចេញផ្សាយដោយកាសែតក្នុងស្រុក Times of India កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ឥណ្ឌាគឺជាប្រទេសទី៦ ហើយ ក្នុងពិភពលោក ក្នុងនោះរួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស​ និងសហរដ្ឋអាមេរិក ដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរហើយមានសមត្ថភាពបំពាក់កាំជ្រួចមីស៊ីលបាលីស្ទីក។

ជោគជ័យនៃការសាកល្បងបាញ់កាំជ្រួចមីស៊ីលបាលីស្ទីកចេញពីនាវាមុជទឹកនេះ បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងញូដេល្លីក្នុងការកសាងសមត្ថភាពឆ្ពោះរកគោលដៅពង្រឹងភាពរឹងមាំនៃវិស័យយោធាឥណ្ឌា។

គួរបញ្ជាក់ថា កាលពីខែកញ្ញា កន្លងទៅ ឥណ្ឌាបានបញ្ចេញនាវាផ្ទុកយន្តហោះដំបូងបង្អស់របស់ខ្លួនដែលផលិតក្នុងស្រុកមានឈ្មោះថា INS Vikrant ជាសមទ្ធិផលជោគជ័យដ៏សំខាន់សម្រាប់ប្រទេសយក្សអាស៊ីមួយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។ នាវាផ្ទុកយន្តហោះ INS Vikrant ជានាវាយោធាជើងទឹកដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានប្រវែងរហូតដល់ ២៦២ម៉ែត្រ ដែលបានដាក់ឲ្យដំណើរបន្ទាប់ពីចំណាយពេលសាងសង់ជិត ១៧ឆ្នាំ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ត្រា​ ម៉ូឌី(Narendra Modi)  ក៏បានបង្ហាញនូវឧទ្ធម្ភាគចក្រចម្បាំងផលិតក្នុងស្រុកដំបូងបង្អស់របស់ខ្លួនផង ដែល​បានច្នៃឡើងជាពិសេសដើម្បីបម្រើការក្នុងតំបន់ដែលរយៈកម្ពស់ខ្ពស់តួយ៉ាងជួរភ្នំហិមាល័យ(Himalayas) ឬភ្នំហេមពាន្ត ជាទីតាំងដែលកងទ័ពឥណ្ឌាធ្លាប់រងការប៉ះទង្គិចជាមួយកងទ័ពចិនកាលពីឆ្នាំ២០២០។

ឥណ្ឌាគឺជាប្រទេសមួយដែលនាំចូលសព្វាវុធច្រើនជាងគេមួយ ក្នុងពិភពលោក ហើយកំពុងព្យាយាមជំរុញវិស័យឧស្សាហកម្មផលិតអាវុធក្នុងស្រុកខ្លួន ខណៈប្រទសនេះពឹងផ្អែកខ្លាំងលើកាំនាំចូលអាវុធពីក្រុងមូស្គូ ដែលរុស្ស៊ីបានដើរតួជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ និងចំណាស់ជាងគេរបស់ឥណ្ឌាក្នុងរយៈកាលជាច្រើនទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា INS Arihant ជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែឡផលិតក្នុងស្រុកដំបូងបង្អស់របស់ប្រទេសឥណ្ឌា ហើយត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០០៩។ ចាប់តាំងពីពេលនោះមក ឥណ្ឌាបានខំប្រឹងបង្កើតកាំជ្រួចមីស៊ីលបាញ់ពីនាវាមុជទឹកចំនួនពីរប្រភេទ ដែលមួយក្នុងចំណោមនោះអាចបាញ់បានរយៈចម្ងាយ ៣៥០០ គីឡូម៉ែត្រ ។នេះបើយោងតាមការរាយការណ៍ពីកាសែត The Times of India៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner