លោក កឹម សុខា ទៅគោរពវិញ្ញាក្ខន្ធកុមារាកុមារីដែលបានស្លាប់ដោយសារលិចទូកដនៅស្រុកលើកដែក
ភ្នំពេញ៖ អ្នកនយោបាយដែលកំពុងជាប់ពិរុទ្ធលោកកឹម សុខា បានចេញមុខទៅជួបក្រុមគ្រួសារសាច់ញាតិកុមារាកុមារីដែលបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់លិចទូកដនៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោកកឹម សុខាបានធ្វើពិធីបុណ្យបង្សុកូលជូនវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ព្រមទាំងចែកអំណោយនិងថ្លែងសារលើកទឹកចិត្តចំពោះក្រុមគ្រួសារសាច់ញាតិអ្នកទាំងអស់នោះផង។
លោក កឹម សុខា លើកឡើងថា លោកនិងសហការីបាននាំយកមកនូវជំនួយមនុស្សធម៌មួយចំនួនមានថវិកា អង្ករ មី ត្រីខ ជូនចំពោះ១៥គ្រួសារដែលរងគ្រោះនិង និមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធសិស្សានុសិស្សដែលបានស្លាប់ទាំង១១នាក់។
លោកបញ្ជាក់ថា ៖«ការរំលែកទុក្ខដោយការសម្តែងនូវមនោសញ្ចេតនា និងកាយវិការសប្បុរសធម៌ ប្រកបដោយព្រហ្មវិហារធម៌(មេត្តា ករុណា មុទិតា ឧបក្ខា) គឺជាចេតនារបស់ខ្ញុំមិនចង់ឲ្យមានការឈឺចាប់ មិនមែនសម្រាប់តែខ្លួនឯងទេ គឺសម្រាប់អ្នកដទៃ»។
ទន្ទឹមនឹងការដែលលោកកឹម សុខា ចុះទៅជួបអ្នកភូមិដែលរងគ្រោះដោយសារលិចទូកដ នេះ អតីតសម្ព័ន្ធមិត្តនយោបាយរបស់លោក គឹលោក សមរង្ស៊ីមិនបានផ្ញើសារអ្វីបន្តិចឡើយជុំវិញហេតុការណ៍ដ៏អាក្រក់នេះ។
អតីតសហការីរបស់លោកកឹម សុខា មួយចំនួនបានបង្ហោះសារឌឺដងមិនចំឈ្មោះមកកាន់លោក កឹម សុខា ផង។ សារឌឺដងនេះ សារតែលោកកឹម សុខា បានសរសេរសាររំលែកទុក្ខទៅកាន់ជនរងគ្រោះលិចទូកដ ប៉ុន្តែបែរជាមិនផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសារសពអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ឃី វណ្ណដេត ដែលទើបទទួលមរណភាពនៅពេលថ្មីៗនេះទាល់តែសោះ។
លោក កឹម សុខា មិនឆ្លើយតបឡើយចំពោះបញ្ហាទាំងនេះ។ទាក់ទងនឹងអំណោយដែលបានចែកជូនពលរដ្ឋវិញ អ្នកនយោបាយគាំទ្រលោកកឹម សុខា គឺលោកយឹម ស៊ីណន ឱ្យដឹងថា អំណោយមួយចំនួនជាការចូលរួមពីសប្បុរសជននៅក្នុងស្រុកនិងនៅប្រទេសកូរ៉េ។
សូមបញ្ជាក់ថា ហេតុការណ៍លិចទូកដ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កើតឡើងកាលពីព្រលប់ថ្ងៃទី១៣ខែតុលា បានបណ្ដាលឱ្យកុមារាកុមារីជាសិស្សសាលាចំនួន១១នាក់បានស្លាប់និងសង្រ្គោះបានបួននាក់។
សមត្ថកិច្ចនគរបាលស្រុកលើកដែកខេត្តកណ្ដាល បានឃាត់ខ្លួនម្ចាស់ទូដនិងអ្នកបើកទូកសរុបចំនួនបីនាក់ ដោយគ្រោងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ ដោយ៖ វណ្ណ ស័ក្តិ