ដីចម្ការលោក ខឹម វាសនា៖ មនុស្សជាងមួយពាន់នាក់នៅតែមិនព្រមរើចេញពីការប្រមូលផ្តុំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ការប្រមូលផ្តុំមនុស្សនៅដីចម្ការលោក ខឹម វាសនា នៅសេសសល់អ្នកគាំទ្រជាងមួយពាន់នាក់ទៀត មិនព្រមរើចេញ។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តសៀមរាបនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២។

ឯកឧត្តមឧត្តមសេនីយ៍ត្រី  តេង ចន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា៖ »ការអនុញ្ញាតឱ្យចូលទៅកាន់ដីចម្ការ អាចធ្វើទៅបានលុះត្រាតែ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬតំណាងអ្នកគាំទ្រធ្វើលិខិតជូនដំណឹងមកអាជ្ញាធរជាមុនសិន»។

បើតាមលោក តេង ច័ន្ទណាត គឺការធ្វើបែបនេះ ដើម្បីប្រាប់អាជ្ញាធរពីមូលហេតុនៃការជួបជុំ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមច្បាប់ស្ដីពីការជួបជុំរបស់គណបក្សនយោបាយ។

យ៉ាងណាមិញការណ៍ដែលអ្នកគាំទ្រលោក ខឹម​ វាសនា មិនព្រមចាកចេញពីដីចម្កាពេលនេះ អាជ្ញាខេត្តសៀមរាបមានវិធានការមិនឱ្យអ្នកថ្មីចូលទៅប្រមូលផ្តុំដែរ។ លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យអ្នកថ្មីចូលទៅក្នុងដីចម្ការនោះ គឺដើម្បីរក្សាសុខមាលភាពកុមារ និងមនុស្សចាស់ ដែលកំពុងស្ថិតនៅក្នុងទីតាំងនោះ។ ទោះយ៉ាងណា អាជ្ញាធរ​មិន​ប្រើ​វិធានការ​អ្វី​ទេ​ ដោយ​ទុក​ឱ្យ​ពួក​គេ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត តែ​លោក​ស្នងការ​បង្ហាញការកង្វល់លើការជួបជុំដែលលោកអះអាងថា មិនដឹងធ្វើឡើងក្នុងគោលបំណងអ្វីឱ្យប្រាកដ។

ការណ៍ដែលអាជ្ញាធរហាមឃាត់អ្នកគាំទ្រមិនឲ្យចូលទៅដីចម្ការនេះ ត្រូវបានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រធិបតេយ្យ ចាត់ទុកថាជាទង្វើរំលោភបំពានដោយអាងអំណាច និងជារឿងហួសហេតុ។ នេះបើតាមសំណេររបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃទី១៣ខែតុលា។

គួរជម្រាបថា ការប្រមូលផ្តុំមនុស្សនៅដីចម្ការឯកជនលោក ខឹម វាសនា បានកើតមានតាំងពីចុងខែសីហាមកម្ល៉េះ។ ជាការប្រមូលផ្តុំ ដែលធ្វើឡើងក្រោយលោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនា ថាភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយអំពាវនាវឱ្យអ្នកដែលគាំទ្រខ្លួនវិលមកជុំគ្នានៅលើដីចម្ការរបស់លោក​នៅក្នុងខេត្តសៀមរាប ​ទើបអាចរួចផុតពីគ្រោះមហន្តរាយ។

ការឃោសនារបស់លោក ខឹម វាសនា ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាជាសកម្មភាពខុសច្បាប់ និងបានធ្វើឲ្យចលាចលនៅក្នុងសង្គម តែអាជ្ញាធរក៏មិនបានប៉ះទង្គិចអ្វីជាហិង្សានោះដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៣១សីហា បានបញ្ជាឱ្យអាជ្ញាធរខេត្តសៀមរាបកុំឱ្យធ្វើសកម្មភាពអ្វីទាំងអស់។ ការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ពន្យល់ថា អ្វីដែលលោក ខឹម វាសនា ចង់បានគឺការចាប់បង្ខំឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំង ផ្ទេរពីអបិយជំនឿរទៅជារឿងនយោបាយ ដោយបំបែកការជួបជុំ ហើយចាប់ខ្លួនលោក ខឹម វាសនា ដែលត្រង់នេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកមិនឱ្យអាជ្ញាធរចូលអន្ទាក់លោក ខឹម វាសនា៕ ដោយ៖ សេក ប្រាក់

ads banner