ស្វែង​យល់​ពី​សមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិន (១៦ – ២២ តុលា ២០២២)

តើអ្វីជាសមាជជាតិរបស់បក្សកុម្មុយនីស្ដចិន?

សមាជជាតិនៃបក្សកុម្មុយនីស្ដចិន ត្រូវបានធ្វើឡើងរៀងរាល់អាណត្តិដែលមានរយៈពេលប្រាំឆ្នាំម្ដង។ សមាជជាតិលើកដំបូងបង្អស់ត្រូវបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ១៩២១។ ក្រោយមកទៀត សមាជជាតិក្នុងអាណតិ្តខ្លះត្រូវបានខកខានមិនបានធ្វើ ដោយហេតុថាមានការរំខានពីសង្គ្រាមលោក និងជម្លោះផ្ទៃក្នុងជាដើម។​ រហូតមកទល់ឆ្នាំ២០២២ សមាជជាតិនៃបក្សកុម្មុយនីស្ដចិនបានឈានមកដល់ការធ្វើឡើងជាលើកទី២០ ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយសប្ដាហ៍ពេញ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែតុលា។ សមាជជាតិនៃបក្សកុម្មុយនីស្ដចិនជាអង្គប្រជុំកំពូលជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្ដចិន ព្រោះវា​ជា​ព្រឹត្តិការណ៍ដែលអាច​កំណត់​គោល​នយោបាយជាតិចម្បងៗ រួមមាន​ ការកសាងបក្ស និងប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សន្តិសុខជាតិ ការជ្រើសតាំងអគ្គលេខាធិការបក្សថ្មី និងកំណត់ទិសដៅនៃគោលនយោបាយការបរទេសនៅ ៥ឆ្នាំ បន្ទាប់ទៀត។ ចាប់តាំងពីឆ្នាំ១៩៨៧ វាត្រូវបានប្រារព្ធឡើងនៅអំឡុងខែតុលា ឬ ខែវិច្ឆិកា ក្នុងមហាវិមានប្រជាជនចិន (The Great Hall of the People) ស្ថិតនៅទីក្រុងប៉េកាំង។

នីតិវិធីបោះឆ្នោតជ្រើសតាំងមេដឹកសំខាន់ៗរបស់ចិន

សមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិន ឆ្នាំ២០២២ នេះនឹងធ្វើឡើងដោយសម្ងាត់ ដែលមានសមាជិក​បក្ស​កុម្មុយនីស្ត​ចិនប្រមាណជា ២.៣០០ រូប ចូលរួម។ សមាជិកបក្សទាំងអស់នឹងធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកសំខាន់ៗចំនួន ២០០ រូប បូករួមទាំងសមាជិកជំនួសប្រហែលជា ១៧០ រូប ដើម្បីបង្កើតបានជាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនថ្មីមួយ (Central Committee of the Chinese Communist Party)។ បន្ទាប់មក សមាជិកគណៈកម្មាធិការមជ្ឈិមបក្សទាំង ២០០ រូបនោះ នឹងធ្វើការបោះឆ្នោ​តជ្រើសតាំងសមាជិកស្នូលរបស់បក្ស (Politburo of the Chinese Communist Party) ចំនួនប្រមាណជា ២៥ រូប​​។​ ក្នុងចំណោមសមាជិកស្នូលទាំង ២៥ រូបនេះ នឹងធ្វើការបោះឆ្នោតជ្រើសរើសបន្តទៀតនូវសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល (Politburo Standing Committee) ចំនួន ប្រាំពីរ រូប ក្នុងការឈានជើងចូលកាន់មុខដំណែងកំពូលៗរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះក៏មានលោក ស៊ី ជីនពីង ផងដែរ។

តើលោកស៊ី ជីនពីង អាចនឹងបន្តជាអគ្គលេខាធិការបក្សក្នុងអាណត្តិទី៣របស់លោកដែរឬទេ?

ដោយសារតែភាពប៉ិនប្រសព្វនៃភាពជាអ្នកដឹកនាំ និងបទពិសោធក្នុងវិស័យនយោបាយចាស់វស្សារបស់លោក ស៊ី ជីនពីង ដោយលោកបានធ្វើឱ្យប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំង និងរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា ការទូត និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងក្រៅតំបន់ ដូចជាការបង្កើតនូវយុទ្ធសាស្ត្រផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវជាដើម ។ប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះត្រូវបានអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិជឿជាក់ថា លោកនឹងត្រូវបានជ្រើសរើសឱ្យបន្តដឹកនាំក្នុងអាណត្តិ​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំបន្តទៀត ដែលវាជាអាណត្តិទី៣ របស់លោក ​ក្នុងមុខតំណែងជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន។ បច្ចុប្បន្ននេះ លោកប្រធានាធិតី ស៊ី ជីនពីង មានអាយុ ៦៩ ឆ្នាំ ហើយប្រសិនបើលោកបន្តដឹកនាំមួយអាណត្តិទៀតនោះ (២០២២ -​ ២០២៧) លោកនឹងឈានដល់អាយុ ៧៤ ឆ្នាំ ពោលគឺអាចចាត់ទុកថាជាមេដឹកនាំដែលអាចបន្តកាន់ដំណែងបានយូរម្នាក់ក្នុងចំណោមមេដឹកនាំក្នុងប្រវត្តិសាស្រ្តចិន។

ប្រវត្តិសង្ខេបនៃការប្រលូកចូលក្នុងវិស័យនយោបាយរបស់លោក ស៊ី ជីនពីង

ប្រធាននាធិបតី ស៊ី ជីនពីង ត្រូវបានគេស្គាល់ថាបុរសខ្លាំងម្នាក់នៅទ្វីបអាស៊ី។  ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឈីងហួ លោកបានចូលបំពេញការងារជាលេខាធិការនៅខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងខុទ្ទកាល័យនៃគណៈកម្មាធិការយោធាមជ្ឈិម។ ចាប់តាំងពីឆ្នាំ១៩៨២ មក លោកបានកាន់មុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សស្រុក ចឹង ទីង (Zhengding) ខេត្ត ហឺប៉ី (Hebei) អភិបាលរងក្រុង ស៊្សាម៉ឹន (Xiamen) ខេត្ត ហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុង និងតឺ (Ningde) ខេត្តហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុងហ្វ៊ូចូវ (Fuzhou) ខេត្តហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សខេត្តហ៊្វូជាន (Fujian) អភិបាលខេត្តហ៊្វូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សខេត្តចឺជាង (Zhejiang) លេខាធិការនៃគណៈកម្មការក្រុងសៀងហៃ (Shanghai) សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម អនុប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាដើម រហូតដល់កាន់មុខតំណែងជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ប្រទេសចិន។

តើនរណាជាអ្នកបន្តតំណែងជានាយករដ្ឋមន្ត្រីចិន?

ក្រៅពីបេក្ខភាពប្រធានាធិបតី អ្វីដែលយើងគួរចាប់អារម្មណ៍តាមដាននោះគឺថាតើបេក្ខភាពទាំងប្រាំពីររូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល (Politburo Standing Committee) នឹងមានការផ្លាស់ប្ដូរទៅជាយ៉ាងណា? ជាពិសេស តើនរណាជាអ្នកស្នងមុខដំណែងរបស់នាយករដ្ឋមន្ត្រីដែលជាមុខដំណែងសំខាន់ជាងគេលំដាប់ទីពីរបន្ទាប់ពីប្រធានាធិបតី? គួរដឹងដែរថា ច្បាប់របស់ចិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ឱ្យកាន់ដំណែងបានត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ដែលក្នុងមួយអាណត្តិមានរយៈពេលប្រាំឆ្នាំ។ ដូច្នេះហើយ នាយករដ្ឋមន្ត្រី លោក លី ខឺឈាង (Li Keqiang) នឹងត្រូវលាលែងពីមុខតំណែងនៅខែមីនា ឆ្នាំ២០២៣ ខាងមុខ ដោយសារតែលោកបានចូលកាន់តំណែងអស់រយៈពេលពីរអាណត្តិមកហើយ រាប់ចាប់តាំងពីឆ្នាំ២០១៣។

បុគ្គលមេដឹកនាំសំខាន់ៗមួយចំនួនទៀតដែលអ្នកតាមដានស្ថានការណ៍នយោបាយចិនបាននឹងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ក្នុងនោះរួមមាន លោក វ៉ាង យ៉ាង (Wang Yang) អាយុ ៦៧ ឆ្នាំ ជាប្រធាន​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC) លោក ហ៊ូ ឈុនហ៊ួ (Hu Chunhua) អាយុ ៥៩ ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) អាយុ ៦៣ ឆ្នាំ ជាលេខាបក្សនៃទីក្រុងសៀងហៃ លោក ទីង ស៊ួស៊ាង (Ding Xuexiang) អាយុ ៦០ឆ្នាំ ជានាយកការិយាល័យទូទៅនៃបក្សកុម្មុយនីស្តចិន លោក ហឺ លីហ្វឹង (He Lifeng) អាយុ ៦៧ ឆ្នាំ ជាប្រធានគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ លោក វ៉ាង យី (Wang Yi) អាយុ ៦៨ ឆ្នាំ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង ស៊ាវហុង (Wang Xiaohong) អាយុ ៦៥ ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក ម៊ាវ ហ៊ួ (Miao Hua) អាយុ ៦៨ ឆ្នាំ ជាប្រធាននាយកដ្ឋានកិច្ចការនយោបាយក្នុងគណៈកម្មាធិការយោធាមជ្ឈិម លោក ហាន ចឹង (Han Zheng) អាយុ ៦៨ ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី លោក ឆឹន មីណ័រ (Chen Miner) អាយុ ៦២ ឆ្នាំ ជាលេខាបក្សប្រចាំក្រុងឆុងឈិង (Chongqing) លោក ហ្សឹន យីឈិន (Shen Yiqin) អាយុ ៦២ ឆ្នាំ ជាលេខាបក្សប្រចាំខេត្ត គួយចូវ (Guizhou) លោក ម៉ា ហ្ស៊ិងរួយ (Ma Xingrui) អាយុ ៦៣ ឆ្នាំ ជាប្រធានបក្សប្រចាំខេត្ត ស៊ិនជាង (Xinjiang) និងលោក ស៊ី លី (Li Xi) អាយុ ៦៥ ឆ្នាំ ជាប្រធានបក្សប្រចាំខេត្តហ្គួងតុង (Guangdong)។

បញ្ហាដែលក្រុមមេដឹកនាំកំពូលៗរបស់ចិនត្រូវប្រឈមមុខដោះស្រាយ

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងក្នុងសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនយ៉ាងណានោះ យើងនឹងទន្ទឹមរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែ ក្នុងអាណត្តិថ្មីខាងមុខនេះ ក្រុមមេដឹកនាំកំពូលៗនឹងត្រូវប្រឈមជាមួយបញ្ហាជាច្រើនដែលត្រូវដោះស្រាយ រួមមានការអនុវត្ត​គោលនយោបាយ​​កូ​វីដសូន្យ (Zero-Covid) ដែលបណ្ដាលឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ វិបត្តិថាមពល អចលនទ្រព្យ សន្តិសុខសង្គម ទំនាក់ទំនងការបរទេស ភូមិសាស្ត្រនយោបាយ បញ្ហាជុំវិញកោះតៃវ៉ាន់ បញ្ហា​ជនជាតិ​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគតិច នៅ​តំបន់​ស៊ីនជាំង និង​នៅ​ទីបេ ដែល​រដ្ឋា​ភិបាល​ក្នុងប៉េកាំង រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ពីសំណាក់​សហគមន៍​អន្តរជាតិ។ លើសពីនេះ បញ្ហាកង្វះការងារធ្វើរបស់យុវជនក៏បានបង្កជាបញ្ហាដ៏ធំមួយក្នុងសង្គមចិនផងដែរ។

​បើយោងតាមប្រសាសន៍របស់​អ្នក​ជំនាញ​បារាំង​លោក​ ​ហ្សង់ ភ្ជែរ កាបេស្តង់ ដែលបានផ្ដល់បទសម្ភាសទៅកាន់វិទ្យុបារាំងអន្តរជាតិ បានឱ្យដឹងថា «បញ្ហាចំនួនបីដែលលោកប្រធានាធិបតី ស៊ី ជីនពីង ត្រូវប្រឈមនាពេលបច្ចុប្បន្ន។ ទី១ គឺទាក់ទង​នឹង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​អាច​កាន់​តំណែង​លើស​ពី​ចំនួនពីរអាណត្តិ​ ដែលស្មើនឹងរយៈពេល ១០ឆ្នាំ។ ទី២ គឺការ​ពុះ​ចែក​​ផ្ទៃក្នុង​គណបក្ស​កុម្មុយនីស្ត ​ទាក់ទង​នឹង​កន្លែង​របស់​វិស័យ​សេដ្ឋកិច្ច​ឯកជន​ដែល​លោក ​ស៊ី ជីនពីង​ ចង់​ក្ដោបក្តាប់​ក្នុង​ដៃ។ បើ​និយាយ​ក្នុងន័យសេដ្ឋកិច្ច នេះ​ជា​នយោបាយ​សេដ្ឋកិច្ច​មួយ​ដើរ​បញ្រ្ចាស​ទិស ពិសេស​នៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ និង​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ទី៣ ទាក់ទង​នឹង​កម្រិត​ភាព​តានតឹង​ដែល​ចិន​មាន​ជាមួយ​អាមេរិក។ តើ​វិធានការ​ការទូត​ថ្មី​បែប​ណា​ដែល​ចិន​ត្រូវ​ជ្រើសរើស​ដើម្បី​តតាំង​នឹង​អាមេរិក? គេ​បាន​ឃើញ​កន្លង​មក​ថា ជម្រើស​នយោបាយ​ការទូត​កាច​របស់​ចិន​បាន​ធ្វើ​ឱ្យ​រូបភាព​ចិន​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៅ​អឺរ៉ុប ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។»

ប្រជាពលរដ្ឋចិនមានការយល់ដឹងច្រើនជាងមុន ជាពិសេសអំពីសិទ្ធិសេរីភាពភាគច្រើនដែលពួកគេមិនទទួលបាន ខណៈពលរដ្ឋនៅបណ្ដាប្រទេសលោកសេរីកំពុងមាន។ ដូច្នេះហើយទើបធ្វើឱ្យមានបាតុកម្មប្រឆាំងរបបដឹកនាំកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏កម្រមិនធ្លាប់កើតមានឡើងសោះឡើយក្នុងសង្គមចិនពីមិនមក។ ជាក់ស្ដែង នៅថ្ងៃសុក្រនេះ​ រូបភាពវីដេអូ និងរូបថត​បង្ហោះផ្សាយ​នៅលើ​បណ្តាញ​សង្គម ទ្វីតធ័រ (Twitter) នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ ផ្ទាំង​ក្រណាត់ពីរ ចងត្រដាង​លើបង្កាន់ដៃ​ស្ពាន​អាកាស ក្នុងទីក្រុង​ប៉េកាំង ជាមួយ​នឹង​អក្សរធំៗ សរសេរថា “គ្មានទេ​ការធ្វើ​តេស្ត ព្រោះ​ខ្ញុំ​ចង់រស់។ គ្មានទេ បដិវត្តវប្បធម៌ ខ្ញុំ​ចង់​ធ្វើកំណែទម្រង់។ គ្មានទេ ការបិទខ្ទប់ ខ្ញុំចង់បាន​សេរីភាព។ គ្មានទេ អ្នកដឹកនាំ ខ្ញុំ​ចង់​បោះឆ្នោត។ ខ្ញុំ​នឹងមិនធ្វើជា​ទាសករ។ ខ្ញុំ​នឹង​ក្លាយជា​ពលរដ្ឋម្នាក់”។ ចំណែកឯ ​ផ្ទាំងក្រណាត់​មួយទៀត បានអំពាវនាវ​ឲ្យ​ពលរដ្ឋចិន​ធ្វើ​បាតុកម្ម ដើម្បី​បណ្តេញ ជនក្បត់ ស៊ីជីន ពីង នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ។

សរុបជារួម ការប្រព្រឹត្តទៅនៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្ដចិនក្នុងឆ្នាំ២០២២ ជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលមានផលជះទៅលើជោគវាសនារបស់ប្រទេសចិនទាំងមូល និងទិសដៅនៃគោលនយោបាយការបរទេស ក្នុងនាមជាមហាអំណាចដែលទើបនឹងរះត្រដែតឡើងក្នុងតំបន់ និងពិភពលោក។​ មិនត្រឹមតែប៉ុណ្ណោះ ការដាក់ចេញនូវយុទ្ធសាស្រ្តផ្សេងៗដើម្បីអាចធ្វើឱ្យកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ចិនល្អប្រសើនៅលើឆាកអន្តរជាតិ ចិនត្រូវតែប្រកាន់ខ្ជាប់នូវមូលដ្ឋានច្បាប់អន្តរជាតិជាមូលដ្ឋាន មិនថាយុទ្ធសាស្ត្រដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង ឬបញ្ហានៅកោះតៃវ៉ាន់។ ហើយ ការជ្រើសតាំងសមាសភាពក្រុមមេដឹកនាំក្នុងអាណត្តិថ្មីខាងមុខនេះ ជាកម្លាំងចលករដ៏ចម្បងក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលចិនកំពុងប្រឈមខាងលើ៕ ដោយ៖ ធា សុខណា

ads banner