បក្សកែទម្រង់កម្ពុជាអះអាងពីការច្របាច់បញ្ចូលជាមួយបក្សខ្មែរស្រលាញ់ជាតិ តែសាមីបក្សថាមិនផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណបក្សកែទម្រង់កម្ពុជាបានអះអាងពីការច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សខ្មែរស្រលាញ់ជាតិ នាពេលខាងមុខក្រោយការពិភាក្សាគ្នាអស់មួយរយៈ។ នេះបើតាមការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា។ ក៏ប៉ុន្តែបក្សខ្មែរស្រលាញ់ជាតិ ដែលជាសាមីខ្លួន បានច្រានការអះអាងនេះ ដោយបញ្ជាក់វិញថា ការច្របាច់បញ្ចូលនេះមិនមែនជាបក្សទាំងមូលនោះទេ តែជាសមាជិកមួយចំនួនប៉ុណ្ណោះ។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា លើកឡើងថា ចរន្តនៃការច្របាច់បញ្ចូលគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនពេលនេះ ហាក់ជួបការលំបាកបន្តិច ព្រោះមានគណបក្សមួយចំនួនបានរួបរួមគ្នាខ្លះទៅហើយ។

លោកបន្តថា៖ «បច្ចុប្បន្ននៅសល់គណបក្សជាតិនិយមរបស់លោកមេធាវី ផែង ហេង ហាក់មានភាពស្ទាក់ស្ទើរ ខណៈគណបក្សខ្មែរស្រលាញ់ជាតិ ដែលនៅសេសសល់គណៈកម្មាធិការនាយក បានប្រកាសពីការរួបរួមជាមួយគណបក្សកែទម្រង់កម្ពុជា។ ដូច្នេះយើងកំពុងធ្វើកិច្ចការហ្នឹងបន្ត ហើយគណបក្សកែទម្រង់កម្ពុជាអាចនឹងឈរជំហរបែបហ្នឹង ព្រោះយើងមិនអាចចូលរួមជាមួយគណបក្សណាដែលមាននិន្នាការផ្អៀងទៅក្រោមស្លាបគណបក្សកាន់អំណាចទេ»។

គួរកត់សម្គាល់ថា ចរន្តរួបរួមដំបូងឡើយ គឺមានគណបក្សបី បានពិភាក្សាគ្នារកការច្របាច់បញ្ចូល។ នោះគឺគណបក្សកែទម្រង់កម្ពុជា គណបក្សជាតិនិយម និងគណបក្សខ្មែរស្រលាញ់ជាតិ។

ក៏ប៉ុន្តែគណបក្សជាតិនិយម របស់លោកមេធាវី ផែង ហេង បានសម្រេចដកខ្លួន​ ដោយមើលឃើញថារចនាសម្ព័ន្ធនៃចំណងរួបរួមនេះ មិនទាន់មានកម្លាំងជាដុំកំភួន។ ម៉្លោះហើយចរន្តចុងក្រោយរបស់គណបក្សកែទម្រង់កម្ពុជា គឺសម្រេចរកការរួបរួមជាមួយគណបក្សខ្មែរស្រលាញ់ជាតិ ដែលកំពុងជួបវិបត្តិផ្ទៃក្នុង។

ចំណែក លោក សៀវ សុត អគ្គហេរិញ្ញិក និងជាប្រធានស្តីទីគណបក្សខ្មែរស្រលាញ់ជាតិបានច្រានចោលចំពោះការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ចំពោះការច្របាច់បញ្ចូលគ្នាជាបក្សតែមួយ។

លោកបន្តថា៖ «អ្នកដែលទៅជជែកជាមួយលោក អ៊ូ ច័ន្ទរ័ត្ន កន្លងមក គឺជាបុគ្គលជាក្រុមមិនមានជាបក្សនោះទេ។ ប៉ុន្តែក្នុងនាមខ្ញុំជាតំណាងគណបក្ស មិនទាន់មានការជជែកណាមួយជាផ្លូវការនៅឡើយទេ»។

គួរជម្រាបថា ចរន្តនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាលមួយរយៈចុងក្រោយនេះ បានងាករកការចងសម្ព័ន្ធភាព ការច្របាច់បញ្ចូល ការបង្រួបបង្រួមគ្នា ដើម្បីឈានទៅរកការផ្គុំសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ តួយ៉ាងវិវត្តន៍នយោបាយរបស់បក្សមួយចំនួន រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា បានសម្រេចជ្រកក្រោមឆ័ត្រគណបក្សភ្លើងទៀន។ គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ បានច្របាច់បញ្ចូលជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ រីឯគណបក្សដទៃទៀត ដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមានជំហរស្ទាក់ស្ទើរ ព្រោះដំបូងឡើយគណបក្សមួយនេះ ជាអ្នកផ្ចុងផ្តើមរកការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សផ្សេង សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣៕ ដោយ៖ សេក ប្រាក់

ads banner