អង្គការ​ស្បៀង និង​រដ្ឋាភិបាល​កម្ពុជាអំពាវ​នាវ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ប្រព័​ន្ធ​ស្បៀង​បន្ថែម​ទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួង​កសិកម្ម រក្ខាប្រមាញ់ និងនេសាទ (MAFF) អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​(FAO)និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (WFP) បាន​អំពាវនាវ​ឱ្យមាន​ការ​វិនិយោគ​បន្ថែមទៀ​ត លើ​ការ​ពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​លើក​កម្ពស់​ភាព​ធន់​នឹង​វិបត្តិ​នា​នា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មានរួម​ដែល​ចុះនៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២២។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ចេញផ្សាយ​មួយ​ថ្ងៃ​មុន​ការ​ប្រារព្ធ​ទិវា​ស្បៀង​អាហារ​ពិភព​លោក​ ដែលនឹង​ត្រូវ​ធ្វើ​ឡើង​ថ្ងៃ​ទី​១៧ ខែតុលា ក្នុង​គោល​បំណង​ដើម្បី​ធានា​បាន​នូវ សន្តិ​សុខ​ស្បៀង អាហារូបត្ថម្ភ និង​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​នា​នា។

បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​ដ​ដែលបង្ហាញថា ការ​កើន​ឡើង​នៃ​តម្លៃ​ស្បៀង​អាហារគឺ​មាន​កត្តា​ជា​​ច្រើន ដូចជាបញ្ហា​​ជំងឺ​កូវីដ-១៩បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែននិង​បញ្ហា​គ្រោះមហន្តរាយ​ដែល​ទាក់ទ​ង​នឹង​អាកាសធាតុ។

កត្តា​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ប្រជា​ជន​ងាយ​រង​គ្រោះ និង​ប្រជាជន​ដែល​ពឹង​ផ្អែក​លើ​កសិកម្ម​ជា​របរ​ចិញ្ចឹម​ជីវិត រង​ហានិភ័យ​ខ្ពស់​ដូច​ជា ការ​ធ្លាក់​ចុះ​ផលិត​ផលកសិកម្ម ដែល​ធ្វើ​ឲ្យ​ធន​ធាន​ហិរញ្ញ​វត្ថុ​តិច​តួច​ជាង​មុន ក្នុង​ការ​ចំណាយ​លើ​ធាតុ​ចូល​កសិកម្ម។

ជុំ​វិញ​បញ្ហា​នេះលោក អែនតូនីញ៉ូ ស៊្យែវ៉ន តំណាង​ស្ដី​ទី​នៃ​អង្គការ FAO ប្រចាំ​កម្ពុជា បាន​ពន្យល់​ថា ​ប្រព័ន្ធ​ស្បៀង​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​ផ្សេង​ៗទៀត​ជា​ច្រើន​នៃ​ជីវិត សេដ្ឋកិច្ច ហើយ​ក៏​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​គ្រប់ៗ​រូប រួម​ទាំង​ប្រជាជន​ងាយ​រង​គ្រោះ​ផង​ដែរ។

លោក អែនតូនីញ៉ូ ស៊្យែវ៉នថា៖ «អង្គការ FAO ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំ​ទ្រ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ផែន​ទី​បង្ហាញ​ផ្លូវ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង និង​ពង្រឹង​ដល់​ភាព​អង់​អាច​ដល់​កសិករ​ខ្នាត​តូច»។

ចំណែក​អ្នក​​ស្រី អានឡ័រ ឌូវែល នាយិការង​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា៖ «​WFP នឹង​បន្ត​គាំ​ទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​កូវីដ-១៩ ដើម្បី​គាំ​ទ្រ​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​បាន​គេ​មើល​រំលង។ ដូច្នេះ​ហើយ ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្បៀង និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ គឺ​មាន​សារៈ​សំខាន់​ណាស់​នា​ពេល​បច្ចុប្បន្ន ដើម្បី​ធា​នា​បាន​នូវ​និរន្តរ​ភាព និង​ភាព​ធន់​នា​ថ្ងៃ​អនាគត»។

រីឯ ឯកឧត្តម ឱម គឹមស៊ា រដ្ឋ​លេខាធិការ​ដ្ឋាន​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សង្កត់​ធ្ងន់​ថា៖ «យើង​ត្រូវ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់​​ផ្តង់​ផលិត​កម្ម​​ស្បៀង ដើម្បី​ធា​នា​ថា​ប្រព័ន្ធ​ស្បៀង​អាច​ផ្ដល់​នូវ​ស្បៀង​អាហារ​ប្រកប​ដោយ​គុណ​ភាព និង​សារ​ធាតុ​ចិញ្ចឹម​ដល់​ពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​បង្កើន​នវា​នុវត្តន៍ និ​ង​ការ​​វិនិយោគ​លើ​ប្រព័ន្ធ​ឌីជីថល»។

សូម​​បញ្ជាក់​ថា យោង​តាម​របាយការណ៍​បច្ចុប្បន្ន​ភាព​ទីផ្សារ WFP នា​ពេល​ថ្មីៗ​នេះ តម្លៃ​អង្ករ​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​របប​អាហារ​នៅ​កម្ពុជា គឺ​នៅ​ថេរ។ ប៉ុន្តែ​តម្លៃ​អាហារ​ដែល​សម្បូរ​ជីវជាតិ ប្រជាជន​និយម​បរិភោគ​ដូច​ជា ពងទា បន្លែ និង​ត្រកួន​បាន​កើន​ឡើង ២០.៨ភាគរយ និង៣០.៧ភាគរយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តម្លៃ​ប្រេង​ឆា​បាន​កើន​ឡើង​តម្លៃ​ខ្លាំង​ជាង​ឆ្នាំ​មុន ៣៩.៧ភាគរយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​កង្វះ​ខាត​អាហារ ចំណី​សត្វ ឥន្ធនៈ ជី និង​ហិរញ្ញ​វត្ថុ កំពុង​បង្ក​ការ​គំរាម​គំហែង​ថ្មី​ទៀត​ដល់​ប្រព័ន្ធ​ស្បៀង៕ ដោយ៖ ជា សុខនី

ads banner