រដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មី បង្ហាញពីការបេ្តជ្ញាចិត្ត នៅមុនពិធីប្រកាសចូលកាន់តំណែងជា​ផ្លូវ​ការនៅ​រសៀល​ថ្ងៃ​ចន្ទទី១៧ ខែតុលា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុកជាផ្លូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៧ ខែ​តុលានេះ នឹង​រៀបចំពិធី​ផ្ទេរ​តំណែង​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនៅ​ទីស្ដី​ការ​ក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជាតំណាងប្រមុខរដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ដ្រីកម្ពុជា។

ពិធី​ផ្ទេរ​តំណែង​នេះ ធ្វើ​ឡើង​តែ​បី​ថ្ងៃប៉ុណ្ណោះ​បន្ទាប់​ពីឯកឧត្តម​ត្រូវ​បាន​រដ្ឋសភាកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងជា​រដ្ឋមន្ដ្រី​ថ្មី​នៃក្រសួង​កសិកម្ម ខណៈឯកឧត្តម វេង សាខុន អតីត​រដ្ឋមន្ដ្រី​ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

ទន្ទឹមនឹងព្រឹត្តិការណ៍នេះនា​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួនឯកឧត្តម ឌិត ទីណា បាន​សរសេរ​សារ​ថ្លែងអំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាដែលបានផ្តល់សេចក្តីទុកចិត្ត និងឱកាសឱ្យលោកបានបម្រើជាតិ និងមាតុភូមិ នៅក្នុងនាមជារដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោក​ក៏​បាន​ថ្លែងអំណរគុណដល់សម្តេចចក្រីប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានដាក់បញ្ចូលការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលដល់រូបលោកទៅក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។

រដ្ឋមន្ដ្រី​ថ្មី​នៃក្រសួង​កសិកម្ម ក៏​បាន​ថ្លែង​អំណរគុណដល់​សមាជិក សមាជិកា នៃរដ្ឋសភា ដែលផ្ដល់កិត្តិយសចូលរួមក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ចូលជាសមាជិករាជរដ្ឋាភិបាលក្នុងនាមជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង ព្រម ចំនួន ១១១/១១១។ សម្រាប់​ឯកឧត្តម ឌិត ទីណា ការបោះឆ្នោតយល់ព្រមពីសំណាក់អង្គសភាដ៏ឧត្តុង្គឧត្តម គាំទ្រដល់រូបលោក គឺជាការផ្ដល់កិត្តិយស និងការទទួលខុសត្រូវ ក៏ដូចជាកម្លាំងចិត្តយ៉ាងធំធេងដល់រូបខ្ញុំបាទ ដើម្បីបំពេញបេសកកម្មបម្រើប្រជាជន និងប្រជាជាតិ ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅ​ក្នុង​សំណេរ​ដាច់​ដោយ​ឡែក​មួយ​ទៀត ឯកឧត្តម ឌិត ទីណា ដែលមុនទទួលតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលនោះ បាន​សរសេរ​សារ​ថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាក្សត្រ​កម្ពុជា ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងរូបលោកជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។

ឯកឧត្តម ឌិត ទីណា បានបង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដូច្នេះ​ថា៖ «តប​ចំពោះ​ព្រះរាជ​គុណូបការៈ និង​ព្រះ​ព្រហ្មវិហារធម៌ ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទូល​ព្រះ​បង្គំ​សូម​ទូល​ថ្វាយ​នូវ​សេចក្ដី​ប្ដេជ្ញាចិត្តដ៏​មោះមុត ក្នុង​ការ​ការពារ​ព្រះ​រាជ​បល្ល័ង្គនិង​របបរាជានិយមអាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​បំពេញ​ភារកិច្ច​របស់​ទូល​ព្រះ​បង្គំ​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ស្រប​ទៅ​តាម​ពាក្យ​សច្ចាប្រណិធានជា​ធរមាន គឺគោរពរដ្ឋធម្មនុញ្ញ បម្រើ​ជានិច្ច ​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផល​ប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បីសន្តិភាព​សង្គមនិង​សន្តិភាពជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​ភាព​រុងរឿង​ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា​ជាទី​គោរព​សក្ការៈ និង​ជា​ទី​ស្នេហា​»៕ ដោយ៖ កែវ កិរិយា

ads banner