លោក លី ច័ន្ទតុលា បានជាប់ឆ្នោតបន្តធ្វើជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤
ភ្នំពេញ៖ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១៣ គឺលោក លី ច័ន្ទតុលា បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ។
យោងតាមលទ្ធផលការបោះឆ្នោតនេះ គ្មានបណ្តឹងតវ៉ាឡើយ ក្នុងនោះមេធាវីទៅបោះឆ្នោតចំនួន ២ ០៤៥រូប មានអ្នកទៅបោះឆ្នោតផ្ទាល់ ១ ២៤០រូប និងអ្នកបោះឆ្នោតតាមរយៈការប្រគល់សិទ្ធិ ៤០៥រូប។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ មានសន្លឹកឆ្នោតបានការ ២ ០១៦សន្លឹក ខណៈ ២៩សន្លឹក ជាសន្លឹកឆ្នោតមិនបានការ។
លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨ភាគរយ។
លោក លី ច័ន្ទតុលា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៨ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក បានធ្វើសច្ចាប្រណិធានជាមេធាវី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨។ ភរិយារបស់លោក គឺអ្នកស្រី ឈីវ ភិរម្យ ក៏កំពុងបំពេញវិជ្ជាជីវៈជាមេធាវីដែរ។
បើនិយាយអំពីការសិក្សា គឺលោកមេធាវី លី ច័ន្ទតុលា ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិឯកជន នៅឆ្នាំ១៩៩៩ ហើយលោក ក៏ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិត ឯកទេសនីតិឯកជនពីសាកលវិទ្យាល័យ LUMIERE LYON II ។
បន្ថែមពីនេះទៀត លោក លី ច័ន្ទតុលា ក៏ទទួលបានសញ្ញាបត្រមួយទៀតនៅឆ្នាំ២០០២ គឺសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញ នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង។
បន្ទាប់មកលោក តុលា បានចាប់ផ្ដើមចូលបម្រើការងារនៅតាមស្ថាប័នជាច្រើនទាំងរដ្ឋ និងឯកជន ដែលផ្អោតលើជំនាញវិជ្ជាជីវៈរបស់លោក គឺវិស័យច្បាប់។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១២-២០១៥ លោក លី ច័ន្ទតុលា ជាប់ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧ រហូតដល់ឆ្នាំ២០២០ លោកជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ និងជាប្រធានគណៈកម្មាធិការជាតិសមាគមច្បាប់អាស៊ានកម្ពុជា បន្ទាប់ពីលោកក្លាយជាមេធាវីរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៩៕ ដោយ៖ ជា សុខនី