មនុស្ស១២នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់រះនៅក្នុងរង្គសាលមួយកន្លែង នៅប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ អាជ្ញាធរប្រទេសម៉ិកស៊ិកកំពុងមមាញឹកក្នុងការស្វែងរកខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់រះសម្លាប់មនុស្សអស់ចំនួន១២នាក់ និងមនុស្សបីនាក់ផ្សេងទៀតរងរបួស នៅក្នុងរង្គសាលមួយកន្លែង កណ្ដាលប្រទេសម៉ិកស៊ិក នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរទទួលបន្ទុកសន្តិសុខបានឱ្យដឹងថា ស្នូរកាំភ្លើងបានផ្ទុះឡើងនៅវេលាម៉ោងជិត៨យប់ ចេញពីបារមួយកន្លែងក្នុងទីក្រុង Irapuato កណ្ដាលរដ្ឋ Guanajuato។ ភ្លាមៗក្រោយទៅដល់កន្លែងកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញអ្នកស្លាប់ចំនួន១២នាក់ ក្នុងនោះមានមនុស្សប្រុសចំនួនប្រាំមួយនាក់ និងស្ដ្រីប្រាំមួយនាក់។ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងរបួសចំនួនសរុបបីនាក់ផ្សេងទៀត។
គេនៅ មិនទាន់ដឹងច្បាស់នៅឡើយទេអំពីអត្តសញ្ញាណនៃជនរងគ្រោះទាំងអស់។ ចំណែកខ្មាន់កាំភ្លើងបង្កហេតុ ក៏ពុំទាន់ដឹងថាមានចំនួនតែម្នាក់ឬលើសពីនេះទេ។ ប្រតិបត្តិការស្វែងរកខ្មាន់កាំភ្លើងបង្កហេតុកំពុងតែបន្តធ្វើយ៉ាងសស្រោកសស្រាំ ដោយមានការគាំទ្រពីលេខាធិការដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Guanajuato សហការជាមួយការិយាល័យអគ្គរដ្ឋអាជ្ញា លេខាធិការការពារជាតិ និងឆ្មាំជាតិនៃប្រទេសម៉ិកស៊ិក។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី២ នៅក្នុងរយៈពេលតិចជាងមួយខែ នៅក្នុងរដ្ឋ Guanajuatoដែលជារដ្ឋមួយកំពុងរងការញាំញីពីសំណាក់ការធ្វើសង្គ្រាមបង្ហូរឈាមរវាងក្រុមជួញដូរគ្រឿងញៀនធំៗជាច្រើន។ Guanajuato បានក្លាយជាសម្បុករបស់ក្រុមជួញដូរគ្រឿងញៀន ដោយសារតែរដ្ឋនេះមានបណ្ដាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសម្បូរបែប តភ្ជាប់ទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដែលជាទីផ្សារគ្រឿងញៀនដ៏សំខាន់មួយរបស់ក្រុមផលិតគ្រឿងញៀនម៉ិកស៊ិក។
បញ្ហាគ្រឿងញៀននៅម៉ិកស៊ិក គឺជាបញ្ហាដ៏ចាក់ស្រែះមួយ ដែលសូម្បីតែលោកប្រធានាធិបតី Andres Manuel Lopez Obrador ក៏មិនទាន់អាចដោះស្រាយបានឱ្យដាច់ស្រេចដែរ ចាប់តាំងពីលោកចូលកាន់តំណែងនៅចុងឆ្នាំ២០១៨៕ ដោយ៖ កែវ កិរិយា