លោក ស៊ី ជីនពីង អំពាវនាវឱ្យពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកូរ៉េខាងជើង
ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីកូរ៉េខាងជើង គឺលោកប្រធានាធិបតី គីម ជុងអ៊ុន ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្រ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរ ខណៈពេលដែលស្ថានភាពនៅក្នុងតំបន់និងអន្ដរជាតិកំពុងមានភាពផ្លាស់ប្ដូរយ៉ាងធ្ងន់ធ្ងរនិងមានលក្ខណៈកាន់តែស្មុគស្មាញ។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២នេះ។
លិខិតរបស់លោក ស៊ី ជីនពីង ផ្ញើទៅកាន់លោក គីម ជុងអ៊ុន នេះ ធ្វើឡើងមុនពេលដែលបក្សកុម្មុយនីស្តចិនចាប់ផ្ដើមធ្វើសមាជជាប្រវត្តិសាស្ត្ររបស់ខ្លួន នៅថ្ងៃអាទិត្យ។ ជាសមាជដែលគេទាយដឹងជាមុនស្រេចរួចទៅហើយថា លោក ស៊ី ជីនពីង នឹងត្រូវបានសមាជិកបក្សបោះឆ្នោតគាំទ្រឱ្យដឹកនាំប្រទេសចិនជាបន្តទៀត។ សមាជនេះក៏នឹងបង្ហាញពីភាពរឹងមាំនៃការឈរជើងរបស់លោក ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ចិន រាប់ចាប់តាំងពីអាណត្តិលោក ម៉ៅ សេទុង មក។
បើតាមទីភ្នាក់ងារព័ត៌មាន KCNA មេដឹកនាំចិនបានគូសបញ្ជាក់នៅក្នុងលិខិតនេះថា ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង ដែលមានលក្ខណៈជិតស្និទ្ធដូច «បបូរមាត់និងធ្មេញ» នឹងបោះជំហានទៅមួយមួយជំហានទៀត កាន់តែជិតស្និទ្ធ និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីលើនេះ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ចិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីផ្ដល់កម្លាំងរុញច្រានដល់ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាប្រពៃណីជាមួយលោក គីម ជុងអ៊ុន ឱ្យកាន់តែរឹងមាំ អនុលោមទៅតាមស្ថានភាពជាក់ស្ដែងថ្មី ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងពិភពលោក។
ជាការកត់សម្គាល់ លិខិតរបស់មេដឹកនាំចិនទៅកាន់សមភាគីកូរ៉េខាងជើងនាពេលនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយក្នុងនោះ រួមមានទាំងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមហោះរំលងប្រទេសជប៉ុនផង។ ការណ៍សាកល្បងមីស៊ីលឥតស្រាកស្រាន្តរបស់ទីក្រុងព្យុងយ៉ាង បានបង្កជាក្ដីបារម្ភអំពីលទ្ធភាពនៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងនាពេលឆាប់ៗខាងមុខថែមទៀត។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនយល់ឃើញថា ទីក្រុងព្យុងយ៉ាងទំនងជានឹងមិនបាញ់សាកល្បងមីស៊ីលណាមួយទៀតទេ រហូតទាល់តែសមាជបក្សរបស់ចិនដែលមានរយៈពេលមួយសប្ដាហ៍ ត្រូវបានបិទបញ្ចប់ជាស្ថាពរ៕ ដោយ៖ កែវ កិរិយា