តួកគី៖ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​អណ្ដូងរ៉ែធ្យូងថ្ម កើន​ឡើង​ដល់​៤១​នាក់

តួកគី៖ នៅ​ប្រទេស​តួកគី ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​ក្នុង​អណ្ដូង​រ៉ែ​ធ្យូងថ្ម​កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​២០២២ បាន​កើន​ឡើង​ដល់​ចំនួន​៤១​នាក់​ហើយ។ ក្រៅ​ពី​អ្នក​ស្លាប់ របាយការណ៍​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​អំពី​ចំនួន​នាក់​រង​របួស​ចំនួន​១១​នាក់។ ទិន្នន័យ​អ្នក​ស្លាប់​និង​អ្នក​របួស​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ហេតុការណ៍​ផ្ទុះ​ឆេះ​នៅ​ក្នុង​អណ្ដូងរ៉ែ​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្លាយ​ទៅ​ទៅ​ហេតុការណ៍សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​រុក​រក​រ៉ែ​របស់​តួកគី គិត​ត្រឹម​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បើ​តាម​មន្ដ្រី​ជំនាញ ហេតុការណ៍​ផ្ទុះ​នៅ​ក្នុង​អណ្ដូង​រ៉ែ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ ក្នុងទីក្រុង Amasra ក្បែរ​សមុទ្រ​ខ្មៅ ទំនង​ជា​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ដុត​ឧស្ម័ន​នៅ​ខាង​ក្នុង​អណ្ដូង​រ៉ែ​នោះ​។

ប្រធានាធិបតី​តួកគី លោក រ៉ាហ្ស៊ីប តាយីប អ៊ែរដូហ្គាន់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា ដោយ​មាន​ការ​អម​ដំណើរ​ពី​មន្ដ្រី​ពាក់ព័ន្ធ ដូច​ជា​ក្រុម​អ្នក​រុក​រក​រ៉ែ និង​ក្រុម​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​។ ក្រោយ​ពី​បាន​ប្រកាស​តួលេខ​អ្នកស្លាប់​ដែល​កើន​ឡើង​ដល់​៤១​នាក់ លោក​ប្រមុខ​ដឹក​នាំ​តួកគី​បាន​សន្យា​​ថា នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​សោកនាដកម្ម​នេះ ដើម្បី​ស្វែង​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​។

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​តួកគី លោក Suleyman បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា​ថា ក្រុម​ការងារ​រុក​រក​បាន​ជួយ​សង្គ្រោះ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អណ្ដូង​រ៉ែ​នោះ​បាន​ចំនួន ១១​នាក់ ហើយ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​។ បើ​តាម​លោក​រដ្ឋមន្ដ្រី​ដដែល ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​១១​នាក់​នោះ រង​របួស​ស្រាល និងបាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា​។ ទិន្នន័យ​ផ្ដល់​ឱ្យ​ដោយ​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​តួកគី បញ្ជាក់​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១១០​នាក់ ធ្វើ​ការ​នៅ​ក្នុង​អណ្ដូងរ៉ែ​ដែល​ផ្ទុះ​ឆេះ​នោះ​។ លោក​រដ្ឋមន្ដ្រី​រំឭក​ថា លោក​ទើប​តែ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​អណ្ដូងរ៉ែ​នេះ​កាល​ពី​បី​សប្ដាហ៍​មុន និង​បាន​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​អណ្ដូងរ៉ែ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​។ នៅ​ពេល​ដឹង​ថា ​ភ្លើងឆេះ​នៅ​ក្នុង​អណ្ដូងរ៉ែ​នោះ​មិនទាន់​រលត់​នៅឡើយ​​ លោក​រដ្ឋមន្ដ្រីបាន​សម្រក់​ទឹក​ភ្នែក​ ដោយ​បញ្ជាក់​ថា ​ចំនួន​អ្នក​ស្លាប់​ទំនង​ជា​អាច​នឹង​បន្ត​កើនឡើង​ទៀតដោយ​ចៀស​ពុំ​រួច​៕ ដោយ៖ កែវ កិរិយា

ads banner