បន្ទាប់ពីឧបទ្ទវហេតុលិចទូកដចម្លងដោយផ្ដាច់ជីវីតសិស្សក្មេងៗ១១នាក់ អ្នកជំនាញបានផ្តល់យោបល់បង្ការគ្រោះថ្នាក់ជាយថាហេតុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ករណីលិចទូកដចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅបានបង្កើតជាវេទិកាមតិសាធារណៈយ៉ាងផុសផុលនៅក្នុងសង្គម។​ ជាពិសេសតាមរយៈបណ្តាញសង្គម។ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ បង្ហាញក្តីតក់ស្លុត ចំពោះករណីលិចទូកចម្លងដែលមានកើតហេតុកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយមានឆក់យកអាយុជីវិតជនរងគ្រោះចំនូន១១នាក់ ជាសិស្សសាលា​ ក្នុងចំណោមជនរងគ្រោះ ១៥នាក់។

អ្នកឃ្លាំមើលសង្គមខ្លះយល់ថា ករណីនេះជាឧទាហរណ៍ស្តែងឡើងពីភាព​ខ្វះ​ចន្លោះជាពិសេសអាជ្ញាធរក្នុងការគ្រប់គ្រងហានិភ័យពីការកម្រិតស្តង់ដារទូកចម្លង និងអាជីវកម្មដចម្លងនានា ក្នុងប្រទេស ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ក្រៅពីចន្លោះប្រហោងរបស់ម្ចាស់អាជីវកម្មនិងពលរដ្ឋ ហើយពួកគេសាទរចំពោះសាធារណៈមតិពលរដ្ឋដែលចង់ឱ្យមានការសាងសង់ស្ពានតភ្ជាប់ក្នុងតំបន់ភូមិសាស្ត្រកោះចំរើន ឬសាងសង់សាលារៀននៅតាមភូមិសាស្ត្រដីកោះ ដើម្បីបង្កភាពងាយស្រួលដល់សិស្សសាលា ជាពិសេសកុមារតូចៗពីគ្រោះថ្នាក់នានាក្នុងការធ្វើដំណើរឆ្លងព្រែក ដងទន្លេ ជាដើមនេះ។

ជុំវិញរឿងនេះ លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមយល់ថា ករណីលិចទូកចម្លងនៅស្រុកលើកដែក នេះ ជាចន្លោះប្រហោងរបស់ពលរដ្ឋដែលប្រើប្រាស់អាស្រ័យ និងម្ចាស់អាជីវកម្មទូកដតែម្តង ដែលគ្មានបទដ្ឋានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ។ ក្រៅពីនេះ លោកយល់រដ្ឋាភិបាលក៏ជាអ្នកចូលរួមចំណែកដែរចំពោះចន្លោះប្រហោងនៃការត្រួតពិនិត្យរាល់អាជីវកម្មទូកចម្លងក្នុងស្រុក។

លោកបណ្ឌិត មាស នី និយាយថា ៖ «យើងមើលឃើញថា រដ្ឋាភិបាលគិតគូរពីសុវត្ថិភាពចរាចរណ៍តាមផ្លូវគោកដោយពាក់មួកសុវត្ថិភាពជាដើម ប៉ុន្តែរដ្ឋាភិបាលមិនសូវគិតគូរពីសុវត្ថិភាពលើផ្លូវទឹក។ រដ្ឋាភិបាលគួរគិតគូរគោលនយោបាយចំពោះអាជីវកម្មទូកចម្លងថា គួរមានលក្ខខណ្ឌអ្វីខ្លះ? ទូកហ្នឹងគួរមានលក្ខណៈយ៉ាងម៉េច? ដាក់មនុស្សក្នុងកម្រិតប៉ុណ្ណា?​ ខ្ញុំគិតថា គួរតែមាន ដែលមិនគួរបណ្តោយឱ្យម្ចាស់អាជីវកម្មទូកចម្លងតាមកន្លែងផ្សេងៗចេះតែធ្វើស្រេចតែចិត្តនោះទេ។ បើសុខមិនអីទេ តែពេលខ្លះវាអាចគ្រោះថ្នាក់ ហើយករណីនេះ(ករណីនៅស្រុកលើកដែក) មិនមែ​នលើកទី១ទេ កន្លងធ្លាប់កើតមានដែរដូចករណីនៅក្រចេះ តែនៅគ្មានវិធានការ»។

ស្រដៀងគ្នានេះដែរ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បញ្ជាក់ថា ឧបទ្ទវហេតុលិចទទូកចម្លងនេះ ជាការធ្វេសប្រហែសរួម ទាំងម្ចាស់ទូកដែលគ្មានបច្ចេកទេសត្រឹមត្រូវ អាជ្ញាធរដែលមិនបានត្រួតពិនិត្យនិងណែនាំបានត្រឹមត្រូវ ក្នុងការកំណត់ស្តង់ដារបទដ្ឋានសម្រាប់អាជីវកម្មរត់ទូកដ។

លោក ហេង គីមហុង៖ «ករណីនេះ ជាការរំញោចដាស់រដ្ឋាភិបាលឱ្យគិតគូរឡើងវិញទៅលើបច្ចេកទេសទូក ការចម្លងទូក​ ស្តង់ដារនិងគ្រឿងបំពាក់នៅលើទូក ដើម្បីធានាថា មានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។ គួរមានសេចក្តីប្រកាស ឬវិធានការបឋមណាមួយ មុនឈានទៅត្រួតពិនិត្យបច្ចេកទេសរាល់ទូកចម្លងនានា ដើម្បីសុវត្ថិភាព ជាពិសេសសម្រាប់រដូវទឹកឡើងដែលអាចកើតមានហានិភ័យជាយថាហេតុ »។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កន្លងមករដ្ឋាភិបាលតែងយកចិត្តទុកដាក់ជារឿយៗចំពោះការធ្វើដំណើរតាមផ្លូវទឹកនេះ ដែលជាវិធានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលរដ្ឋបានផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងតាមមូលដ្ឋានទៅហើយ ប៉ុ​ន្តែគ្រោះថ្នាក់ចៃដន្យនូវករណីស្រុកលើកដែកនេះ ជាការធ្វេសប្រហែសរបស់ម្ចាស់ទូកដែលគោរពវិធានការ។

គួររំឭកថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ពីករណីលិចទូកដ ទទឹង ដែលបានកើតហេតុនៅវេលាម៉ោងប្រមាណ ៧យប់ ស្ថិតនៅចំណុចកំពង់ចម្លងទូកដទទឹងស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ដែលប៉ុន្មានម៉ោងក្រោយមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដ។ប្រតិបត្តិការសង្រ្គោះមានកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក  កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ  និងប្រជាពលរដ្ឋមូលដ្ឋាន។

សោកនាដកម្មនេះ បានឆក់យកអាយុជីវិតក្មេងសិស្សសាលាស្រីប្រុសចំនួន១១នាក់ ក្នុងចំណោមជនរងគ្រោះសរុប ១៥នាក់ ដែលមានអ្នកនៅរស់រានពីហេតុការណ៍នេះចំនួន ៤នាក់ ខណៈពួកគេចាកចេញពីសាលារៀន​ ក៏ធ្វើដំណើរតាមទូកដទទឹង ទៅកាន់គេហឋាននៅឯភូមិកោះចម្រើន តែជាអកុសលបានជួបគ្រោះថ្នាក់។

ស្របនឹងបញ្ហានេះ​ដែរ មានមតិសាធារណៈលើកឡើងជាច្រើ​នចំពោះដំណោះស្រាយបង្ការកុំឱ្យកើតមាននូវហេតុការណ៍អាក្រក់នេះជាថ្មី សម្រាប់ពលរដ្ឋនៅតាមបណ្តាកោះ ដែលពលរដ្ឋភាគច្រើនយល់ថា គួរមានការសាងសង់ស្ពាន និងសាលារៀន នៅតាមបណ្តាកោះក្នុងគោលដៅបញ្ចៀសបញ្ហាស្រដៀងគ្នានេះជាថ្មី។

ចំពោះការលើកឡើងនេះ លោកបណ្ឌិតមាស នី និងលោកហេង គីមហុង សាទរចំពោះការលើកឡើងមួយនេះ ប៉ុន្តែលោកទាំងពីរបន្ថែមថា វាជាកិច្ចការលំបាកមួយសម្រាប់បរិបទកម្ពុជា។ លោកបណ្ឌិតមាស នី ថា ករណីសាងសង់ស្ពានត្រូវការប្រើថវិកាដែលមិនចេះតែអាចប្រព្រឹត្តទៅបានឡើយ ខណៈការសង់សាលារៀនវិញ គេត្រូវគិតពីចំនួនសិស្សនៅតាមបណ្តាកោះទាំងនោះផង។ លោកបន្តថា សម្រាប់ភូមិសាស្ត្រកម្ពុជា ដែលកន្លែងខ្លះសម្បូរទៅដីកោះក៏ជាឧបសគ្គដល់កិច្ចការសាងសង់ស្ពាននោះដែរ ព្រោះរដ្ឋត្រូវគិតពីតម្រូវការជាអាទិភាព។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលឯកឧត្តម ផៃ ស៊ីផាន យល់ឃើញមិនសូវខុសពីអ្នកឃ្លាំមើលសង្គមប៉ុន្មានឡើយ។ លោកសាទរចំពោះសំណូមពររបស់ពលរដ្ឋសម្រាប់ការស្ថាបនាស្ពាន និងសាលារៀននេះ ដែលលោកសង្កត់ធ្ងន់ថា វាជារឿងល្អ ហើយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលថ្នាក់ជាតិគួររួមគ្នាពិនិត្យមើលសំណូមពរនេះ។

ដោយឡែកឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា ជាទូទៅ មិនថារដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាកត្តាចាំបាច់ណាស់ ​តួយ៉ាងស្ពាន ឆ្លងកាត់ទន្លេ សមុទ្រ ជាដើម ប៉ុន្តែគេច្រើនតែសាងសង់សម្រាប់ភូមិសាស្ត្រធំៗ ដែលមានតម្រូវការជាអាទិភាព។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់៖ «យើងស​ប្បាយចិត្ត បើមានលទ្ធភាពការតភ្ជាប់បានកាន់តែច្រើន តែយើងត្រូវគិតគូរពីធនធានលទ្ធភាព បើយើងមានថវិការ វាស្រួលទេ តែបើគ្មាន អ្វីៗក៏មិនអាចទៅមុខរួចដែរ។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍បានច្រើនណាស់ តែវាក៏មិនអាចបាន ១០០ភាគរយដែរ» ។

អ្នកនាំពាក្យក្រសួងសារធារណការរូបនេះ បន្ថែមជាយោបល់ផ្ទាល់ខ្លួនថា ប្រជាពលរដ្ឋតាមមូលដ្ឋាន ដូចករណីនៅស្រុកលើកដែក ពួកគាត់អាចធ្វើការសំណូមពររតាមរយៈអាជ្ញាធរមូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យថ្នាក់ជាតិអាចពិចារណាបានក្នុងករណីតម្រួវការស្ពាន។

ដើម្បីបង្ការកុំឱ្យហេតុការណ៍លិចទូកដចម្លងកើតឡើងជាយថាហេតុដូចករណីស្រុកលើកដែកម្តងទៀត ប្រធានកម្មវិធីនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោកហេង គីមហុង សង្ឃឹមថា អាណាព្យាបាលសិស្សគួរបន្ថែមការយកចិត្តទុកដាក់លើសុវត្ថិភាពកូនៗ។ ចំណែកម្ចាស់ទូកអាជីវកម្មត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដារទូក ហើយរដ្ឋាភិបាលវិញត្រូវត្រួតពិនិត្យបច្ចេកទេសទូកដើម្បីធានាប្រយោជន៍ដល់ពលរដ្ឋខ្មែរ ជាពិសេសសេវាកម្មសាឡាង ឬដចម្លងនៅតាមភូមិសាស្ត្រកោះនានា។

សម្រាប់ឯកឧត្តម ផៃ ស៊ីផាន បានសំណូមពរដល់បណ្តាម្ចាស់អាជីវកម្មទូកចម្លងនានា សូមគោរពតាមវិធានការសុវត្ថិភាពដែលដាក់ចេញដោយក្រសួងសារធារណការនិងដឹកជញ្ជូន ដែលត្រូវបានស្តង់ដារត្រឹមត្រូវ។

លោកបណ្ឌិត មាស នី លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជា សិក្សាបង្កើតច្បាប់សម្រាប់ការចរាចរណ៍ផ្លូវទឹក និងជាពិសេសម្រាប់កម្រិតស្តង់ដារអាជីវកម្មទូកដចម្លង ចៀសវាងអំពើអានាធិបតេយ្យក្នុងអាជីវកម្មនេះ ដែលអាចបង្កហានិភ័យដល់ពលរដ្ឋ ដើម្បីធានាបានសុវត្ថិភាព។

នៅ​ក្នុង​ករណី​នេះដែរ ឯកឧត្តម  រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងនឹងចេញសេចក្តីណែនាំមួយស្តីពីការលើកកម្ពស់សុខសុវត្ថិភាពរបស់សិស្សផ្តោតលើការធ្វើដំណើរក្នុងរដូវវស្សា។ ទន្ទឹមនេះ ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវវស្សានេះ។ តាមរយៈក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យអប់រំ បានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

ឧបទ្ទវហេតុលិចទូកស្លាប់កុមារចំនួន១១នាក់ក្នុងខេត្តកណ្ដាលនៅថ្ងៃទី១៣តុលា បានប៉ះពាល់ដល់សិទ្ធជាមូលដ្ឋានរបស់កុមារដែលរួមមានៈ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការការពារ សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិក្នុងការចូលរួម។ 

​អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាក្រៅពីចូលរួមរំលែកទុក្ខ ស្ថានប័នអន្តរជាតិមួយនេះក៏បានអំពាវនាវដល់សាធារណៈជន បញ្ឈប់ការចែករំលែក ផ្ញើជារូបភាព ផ្ញើជាវិដេអូ ដែលបង្ហាញពីហេតុការណ៍អកុសលនេះលើបណ្ដាញសង្គម ព្រោះទង្វើនេះបង្កផលប៉ះពាល់អវិជ្ជមានលើកុមារ គ្រួសារជនរងគ្រោះនិងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

សូមជម្រាបជូនថា នៅក្នុងឧបទ្ទវហេតុលិចទូកបណ្តាលឲ្យស្លាប់សិស្ស១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកនេះ ម្ចាស់ទូកដ និងអ្នកបើកទូកសរុបបីនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ តាមស្នងការនគរបាលខេត្តកណ្តាលថា ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកទាំងនេះ ដើម្បីឱ្យពួកគេទទួលខុសត្រូវលើករណីលិចទូកស្លាប់មនុស្សចំនួន១១នាក់នោះតាមផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន។

បើតាមសមត្ថកិច្ចដដែលនេះ ហេតុការណ៍លិចទូកដនោះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង ខណៈទូកមានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក មិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម៕ ដោយ៖សំបាន ច័ន្ទដារ៉ា , អេង រាជនី

ads banner