កាណាដា និង​សហរដ្ឋ​អាមេរិក នឹង​បញ្ជូន​សម្ភារសន្តិសុខ​ទៅ​ឱ្យ​ប្រទេស​ហៃទី​ដែល​កំពុង​ញាំញី​ដោយ​វិបត្តិ

កាណាដា៖ប្រទេស​កាណាដា​និង​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​សម្ភារ​សន្តិសុខ​ទៅ​ឱ្យ​ប្រទេស​ហៃទី ដើម្បី​ជួយ​ប្រទេស​នេះ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​ជា​ពិសេស​គឺ​វិបត្តិ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​កាណាដា​និង​អាមេរិក ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា ឆ្នាំ​២០២២​។ សម្ភារ​គ្រឿង​បរិក្ខា​សន្តិសុខ ដែល​រួម​មាន​ ទាំង​រថពាស​ដែក​ផង​នោះ នឹង​ជួយ​ដល់​នគរបាល​ជាតិ​ហៃទី ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​បង្កអំពើហិង្សា និង​​ចលាចល​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ដើម្បី​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អាសន្ន​រោគ ដែល​បាន​អូស​បន្លាយ​​អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​។

អង្គការសុខភាព Pan American បានថ្លែង​ឱ្យ​ដឹង​កាលពីសប្តាហ៍មុនថា ជំងឺអាសន្នរោគកំពុងកើតឡើងវិញនៅក្នុងប្រទេសហៃទី ទាំង​ករណី​ដែល​ត្រូវបានបញ្ជាក់​ថា​វិជ្ជមាននិងសង្ស័យ។ ជិតមួយភាគបួនក្នុងចំណោមករណី​ឆ្លង​ជំងឺ​អាសន្នរោគ​នៅ​ប្រទេស​ហៃទី​នា​ពេល​នេះ គឺ​កើត​ឡើង​លើ​កុមារតូចៗ។ អង្គការ​ដដែល​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​អ្នក​ជំនាញ ក្នុង​ការ​ចូល​ទៅ​ផ្ដល់​សេវា​ព្យាបាល​សុខភាព​ដល់​អ្នក​ជំងឺ ដោយ​សារ​តែ​អំពើហឹង្សាដែលកំពុងកើនឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

បើ​តាម​សេចក្ដី​រាយការណ៍ គិត​ត្រឹម​ពេល​នេះ មាន​អ្នក​ជំងឺ​សង្ស័យ​ឆ្លង​​អាសន្នរោគ​ជាង ៥៦០ករណី ក្នុង​នោះមាន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់​៣៥​នាក់ និង​អ្នក​ដែល​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ប្រហែល ៣០០​នាក់​។ ​អ្នក​ជំនាញ​បាន​ព្រមាន​ថា ចំនួនករណី​ឆ្លង​ជំងឺ​អាសន្នរោគ​ពិត​ប្រាកដ ​ទំនង​ជា​ខ្ពស់​ជាង​អ្វី​របាយការណ៍​លើ​ក្រដាស​ឆ្ងាយ​ណាស់​។

ជា​ការ​កត់​សម្គាល់ ជំនួយ​គ្រឿងបរិក្ខាសន្តិសុខរបស់​អាមេរិក​និង​កាណាដា ដែលផ្តល់ដល់ប្រទេសនេះ​ចំពេល​ដែលប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក កំពុងប្រឈមមុខនឹងភាពចលាចលផ្នែកនយោបាយ និងក្រុមចម្រុះដែលរារាំងការចែកចាយប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈ។ ការដឹកជញ្ជូនភាគច្រើនមិន​អាច​ធ្វើ​ទៅ​បាន​ដោយការលួចប្លន់ និងការបាញ់ប្រហាររបស់ក្រុមក្មេងទំនើងមួយ ដឹក​នាំ​ដោយយុវជន​ម្នាក់​ឈ្មោះ Jimmy Cherizier។

កាល​ពី​សប្តាហ៍​មុន ក្នុង​បំណង​បំបាត់​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​ទំនើង លោកនាយករដ្ឋមន្ដ្រី​ហៃទី Ariel Henry បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ជូន​ជំនួយ​យោធា​មក​ឱ្យ​ហៃទី។ ប៉ុន្តែ​ការ​អំពាវនាវ​របស់​លោក​ដូច្នេះ​បាន​បញ្ឆេះ​កំហឹង​របស់​ពលរដ្ឋ​ហៃទី​បន្ថែម​ទៀត។ ពួក​គេ​រាប់​ពាន់​នាក់​បានចុះ​ផ្លូវធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ដ្រី Henry ដោយ​ចាត់​ទុក​ជំនួយ​យោធា​ពី​បរទេស​ដល់​ហៃទី ថាជាបើក​ដៃ​ឱ្យ​បរទេស​ជ្រែត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ហៃទី។

នៅពាក់កណ្តាលខែកញ្ញា Jimmy Cherizier បាន​ដឹក​នាំ​ក្រុមក្មេងទំនើងទៅ​ឡោមព័ទ្ធស្ថានីយប្រេងឥន្ធនៈដ៏សំខាន់មួយរបស់​ហៃទី ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែង និងដើម្បីតវ៉ាចំពោះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Henry បានប្រកាសថា ខ្លួនមិនមានលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈបានទៀតទេ។

សារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹង Cherizier និងអ្នកផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ ឬស្ថិរភាពរបស់ប្រទេសហៃទី៕ ដោយ៖ កែវ កិរិយា

ads banner