កម្ពុជា និងខេត្តសុរិន្ទរបស់ថៃ ជួបពិភាក្សាផ្ដោតសំខាន់លើគុនល្បុក្កតោ ត្រៀមចូលរួមស៊ីហ្គេម២០២៣

ភ្នំពេញ៖ កម្ពុជានឹងជួយបណ្តុះបណ្តាលអត្តពលិកខេត្តសុរិន្ទអំពីក្បាច់គុនល្បុក្កតោដើម្បីឲ្យភាគីថៃក្លាយជាបេក្ខភាពមួយក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនចូលរូមប្រកួតគុនល្បុក្កតោ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានអនុញ្ញាតឲ្យលោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលា នៅខេត្តសុរិន្ទ របស់ប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការបានឲ្យដឹងថា ភាគីខេត្តសុរិន្ទ មានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទ មកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទ ដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ឯកឧត្តមបានបង្ហាញអារម្មណ៍រីករាយជាមួយប្រតិភូខេត្តសុរិន្ទ ប្រទេសថៃ ដែលបានបើកបេះដូង ក្នុងការចូលរួមផ្សព្វផ្សាយគុនល្បុក្កតោ។ នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល មិត្តភាព និងសាមគ្គីភាព រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកក្បាច់គុនល្បុក្កតោក្នុងតំបន់ឲ្យមានភាពជាក់លាក់ ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅតាមប្រទេសនីមួយៗ និងពង្រីកពីតំបន់ទៅទ្វីប ហើយពីទ្វីបទៅពិភពលោក។

បច្ចុប្បន្នគុនល្បុក្កតោ កំពុងមានវត្តមាននៅបណ្តាប្រទេសជាច្រើនរួចហើយ ដូចជា ឥណ្ឌា អ៊ីរ៉ង់ អូស្រ្តាលី អឺរ៉ុប អាមេរិក ប៉ុន្តែមិនទាន់ពង្រឹងរចនាសម្ព័ន្ធដឹកនាំឲ្យបានល្អប្រសើរនៅឡើយទេ ដូច្នេះកម្ពុជាចាប់ផ្តើមធ្វើឲ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងរៀបចំផែនការអភិរក្សគុនល្បុក្កតោ។ គោលការណ៍ទាំងអស់នេះគឺឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ តែងតែជំរុញ និងលើកទឹកចិត្តឲ្យធ្វើការផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីអភិវឌ្ឍគុនល្បុក្កតោដ៏ផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណប្រតិភូខេត្តសុរិន្ទ ដែលមានទឹកចិត្តល្អ រួសរាយរាក់ទាក់ និងការប្តេជ្ញាចិត្តខ្ពស់ដោយបានសំដៅមករកកម្ពុជាតែម្តង។ ឯកឧត្តមមានជំនឿចិត្តថា ស៊ីហ្គេម ឆ្នាំ២០២៣ នឹងមានប្រទេសជាច្រើនទៀតចូលរួមប្រកួតគុនល្បុក្កតោចាប់ពី៧ទៅ៨ប្រទេស មាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ក្បាច់គុន។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងទាក់ទងទៅប្រទេសផ្សេងទៀត ដូចជា ទីម័រខាងកើត ជាដើម។ ប្រសិនបើទីម័រខាងកើតចូលរួមមែន គឺជោគជ័យខ្លាំង ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម។

កម្ពុជានឹងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកវិសាលភាព និងមានរចនាសម្ព័ន្ធដឹកនាំក្នុងតំបន់ត្រឹមត្រូវ មុនឆ្ពោះទៅស៊ីហ្គេម។ ការរៀបចំការប្រកួតមួយ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ការគ្រប់គ្រងច្បាស់លាស់ ដើម្បីមើលការខុសត្រូវច្ចេកទេសក្នុងតំបន់ មិនថាកម្ពុជា គឺគ្រប់គ្រងទាំងអស់គ្នា ហើយអនុវត្តទាំងអស់គ្នា។

គួរបញ្ជាក់ថា ដើមឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គ្រោងនឹងរៀបចំការប្រកួត «Pre Games» ដោយអញ្ជើញប្រទេសនៅក្នុងតំបន់ចូលរួមការប្រកួត ដើម្បីដុសខាត់សមត្ថភាព ក៏ដូចជាពិនិត្យមើលពីសិទ្ធផល នៃការរីកចម្រើន ការហ្វឹកហាត់ និងការផ្សព្វផ្សាយគុនល្បុក្កតោ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែល្អប្រសើរ ត្រៀមដណ្តើមមេដាយជូនជាតិ។ ជាពិសេសចូលរួមផ្សព្វផ្សាយ ក្នុងន័យអភិរក្ស និងអភិវឌ្ឍ គុនល្បុក្កតោទៅកាន់ប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner