បារាំង៖ មនុស្ស​រាប់​ពាន់​នាក់​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅទីក្រុង​បារីស​ដើម្បី​តវ៉ា​ចំពោះ​ការ​ឡើង​ថ្លៃ​ទំនិញ

បារាំង៖ប្រជាពលរដ្ឋបារាំងរាប់ពាន់នាក់បានចុះផ្លូវធ្វើបាតុកម្មនៅក្នុងទីក្រុងប៉ារីស នា​ថ្ងៃ​អាទិត្យ ទី១៦ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​​ទំនិញ ទន្ទឹម​នឹង​ការ​ធ្វើ​កូដកម្ម​ជា​ច្រើន​សប្ដាហ៍​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​នៅ​រោងចក្រ​ចម្រាញ់​ប្រេង បាន​ជំរុញ​ឱ្យ​មាន​ការ​ទាមទារ​ឱ្យ​មាន​កូដកម្ម​ជា​ទូទៅ។

មេ​ដឹក​នាំ​គណបក្ស​ឆ្វេង​និយម La France Insoumise (France Unbowed) លោក Jean-Luc Melenchon បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​មាន​វត្តមាន​ម្ចាស់​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ឆ្នាំ​២០២២​ គឺ​លោក​ស្រី Annie Ernaux ចូល​រួម​ផង​។ លោក Jean-Luc Malenchon បាន​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​កូដកម្ម​ទូទៅ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

ការ​អំពាវនាវ​របស់​លោក Malenchon ដូច្នេះ ធ្វើ​ឡើង​ដោយ​ដើរ​តាមគន្លង​​ការ​តវ៉ា​របស់​សហជីព​បួន​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​ក្នុង​របៀប​វារៈ​ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម បន្ទាប់​ពី​រដ្ឋាភិបាល​បារាំង​បាន​បញ្ជា​ឱ្យ​កម្មករ​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ចំនួន ស្នើ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ណាមួយ​។ បញ្ជា​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ គឺ​ជា​ទង្វើ​ដែល​សហជីព​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​រដ្ឋធម្មនុញ្ញ​របស់​ពួក​គេ​។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបារាំង លោក Gabriel Attal បាន​លើក​ឡើង​ថា ក្រុម​ចម្រុះ​ឆ្វេង​និយមកំពុង​ព្យាយាម​កេង​ចំណេញ​ពី​ស្ថានភាព​បច្ចុប្បន្ន។ ស្ថានភាព​នេះ លោក​សំដៅ​ដល់​ការ​ធ្វើ​បាតុកម្ម​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ​ និង​រោងចក្រ​ចម្រាញ់​ប្រេង​របស់​បារាំង​។ លោកបាន​ថ្លែង​តាម​ស្ថានីយ​វិទ្យុ​បារាំងអឺរ៉ុប១​ថា៖ «ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ថ្ងៃ​នេះ បង្ហាញ​ពី​ជំហរ​តវ៉ា​របស់​អ្នក​គាំទ្រ ដែល​ចង់​បង្អាក់​ដំណើរ​ការ​ទៅមុខ​របស់​ប្រទេស​បារាំង​»៕ ដោយ៖កែវ កិរិយា

ads banner