មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ស្នើអោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ ដាក់វិញ្ញាសា ៣ទល់៣ ក្នុងការប្រកួតជើងឯក

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានស្នើអោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដាក់វិញ្ញាសា ៣នាក់ទល់៣នាក់ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ។ ការថ្លែងនេះធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ក្រោអធិបតីភាព ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីម្សិលមិញ នៅទីលានកីឡាប៉តង់ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម ប៊ូ ជុំសេរី បញ្ជាក់ថា កីឡាប៉េតង់ វិញ្ញាសាជាមូលដ្ឋាន គឺ៣ទល់៣ គឺជាវិញ្ញាសាគោល រីឯវិញ្ញាសា ២ទល់២ និងវិញ្ញាសា១ទល់១ គឺជាវិញ្ញាសាអមប៉ុណ្ណោះ ដូច្នេះសូមថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចគណកម្មការរៀបចំការប្រកួតសូមយកចិត្តទុកដាក់ រៀបចំវិញ្ញាសាប្រកួតអោយត្រូវបញ្ជូលវិញ្ញាសាគោល ៣ទល់៣ វិញ ប្រសិនបើមានការប្រកួតលើកក្រោយៗទៀត មុនព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែបើសិនជាមានការប្រកួតសូមអោយយកចិត្តទុកដាក់រៀបចំទៅលើវិញ្ញាសាប្រកួត ពីព្រោះថាជាគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា កីឡាករ កីឡាការិនី ដែលមិនឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ មិនមានសិទ្ធចូលជាក្រុមជម្រើសជាតិ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្រោមការដឹកនាំគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡានោះទេ។ ឯកឧត្តម ប៊ូ ជុំសេរី បន្តថា ក្រោមការដឹកនាំប្រកបដោយគតិមណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអោយរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជាត្រូវតែសម្រេចអោយបានជោគជ័យ ដូច្នេះគណកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានសម្រេចដាក់កីឡាប៉េតង់អោយប្រកួត ជាមួយគ្នានេះរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកកីឡាប៉េតង់ គឺជាប្រភេទកីឡាមួយក្នុងចំណោម៣៨ប្រភេទកីឡាដែលមានសក្តានុពលអាចដណ្តើមបានមេដាយជូនជាតិ ដើម្បីសម្រេចគោលដៅអោយកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៥ បណ្តាប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ដោយត្រូវដណ្តើមមេដាយមាសអោយបាន៥០គ្រឿងឡើងទៅ គឺជារឿងពិបាកត្រូវប្រឈមមុខទម្លាក់ប្រទេសសិង្ហបូរី ដែលជាប្រទេសខ្លាំងមួយក្នុងតំបន់។ តំណាងក្រសួងអប់រំរូបនេះ ជឿជាក់ថា កីឡាប៉េតង់នឹងក្លាយជាចំណែកមួយចូលរួមដណ្តើមមេដាយជាមួយប្រភេទកីឡាសក្តានុពលផ្សេងទៀត សម្រាប់កម្ពុជា នៅស៊ីហ្គេម ដូច្នេះហើយ ឯកឧត្តម សូមលើកទឹកចិត្តអោយថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនី សូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដុសខាត់សមត្ថភាព ដើម្បីនាំយកនូវមោទកភាពជូនជាតិ។
ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានផ្តល់អនុសាសន៍ ៣ចំនុចសំខាន់ៗ៖ ទី១, សូមកុំឱ្យមានភាពរើសអើងចំពោះកីឡាករ កីឡាការិនី ដែលទទួល បានជ័យលាភី ឬពុំទទួលបានជ័យលាភី ដោយនេះបានបង្ហាញពីការមិនគោរពដល់”ស្មារតីកីឡា”។ ទី២.ចំពោះអ្នកដែលពុំទទួលបានជ័យលាភីនោះ គឺពុំត្រូវអស់សង្ឃឹមនិងបាក់ទឹកចិត្តនោះទេ។ សូម ចាត់ទុកបរាជ័យជាមេរៀនដែលអនុញ្ញាតឱ្យខ្លួនយើងស្វែងយល់ពីចំណុចខ្វះខាត ដែលអាចធ្វើឱ្យយើងកាន់ត រឹងមាំជាងមុន។ ទី៣.តាមរយៈលទ្ធផល នៃការប្រកួតប្រជែង ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការិនីឱ្យបន្ត ពង្រឹងការហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស ដោយតម្រូវឱ្យមានការប្រកួតប្រជែង ជាប្រចាំដើម្បីជាការវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួនដើម្បី បន្តដុសខាត់សមត្ថភាពសម្រាប់ការប្រកួត នាពេលបន្តបន្ទា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner