​លោក​ ស៊ី​ ​អំពាវ​នាវឱ្យ​ពន្លឿន​​វិស័យ​យោធា ​​ក្នុង​​​​ពិធី​បើក​សមាជ​បក្ស​កុម្មុនីស្ត​ចិន​

ចិន៖ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជិនពីង​ បាន​​​អំពាវ​នាវកាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ១៦ ខែ​តុលា​ សុំ​​​ឱ្យ​ពន្លឿន​​​​ការ​អភិវឌ្ឍ​វិស័យ​យោធា​​ហើយ​​ប្រកាស​មិន​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដែលបាន​​ធ្វើ​ឱ្យ​ទំនាក់​ទំនង​​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​កាន់​តែ​តាន​តឹង​ និង​រឹត​បន្តឹង​ការ​គ្រប់​គ្រង​របស់​បក្ស​កុម្មុយនិស្ត​​របស់​ខ្លួន​។

លោក ស៊ី​ ​​ប្រកាស​បែប​នេះ​ ក្នុង​​​​ពិធី​បើក​សមាជ​បក្ស​កុម្មុនីស្ត​ចិន​​​ ដែល​ប្រារព្ធ​ឡើង​ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​របស់​ចិន​ និង​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ ការ​សុំ​ឱ្យ​មាន​ការ​ពន្លឿន​វិស័យ​យោធា​ ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី២​នៅ​លើ​ពិភព​លោក​ ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ភាព​តាន​តឹង​ជា​មួយ​​សហរដ្ឋ​អាមេរិក​ បណ្ដា​ប្រទេស​ជិត​ខាង​ និង​កោះ​តៃវ៉ាន់​ ជុំ​វិញ​បញ្ហា​ពាណិជ្ជកម្ម​ បច្ចេកវិទ្យា​ និង​សន្តិសុខ​។ ​

​​លោក​ ស៊ី​ ដែល​គេ​រំពឹង​ថា​នឹង​បន្ដ​អាណត្តិ​ទី​៣​របស់​ខ្លួន​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​​យើង​នឹង​​​ធ្វើ​ការ​ឱ្យ​លឿន​ជាង​មុន​​ ដើម្បី​ធ្វើ​ទំនើប​កម្ម​ទ្រឹស្តី​យោធា ​បុគ្គលិកយោធា​​ និង​សព្វាវុធ​​​។ ​​យើង​​នឹង​​ពង្រឹង​​សមត្ថភាព​​យុទ្ធសាស្ត្រ​​របស់​​យោធា​​»​​​​។

គួរ​គូស​បញ្ជាក់​ថា​ កន្លង​មក​នេះ​ ចិន​ ដែល​ចំណាយ​លើ​វិស័យ​យោធា​ធំ​ជាង​គេ​ទី​២​លើ​ពិភព​លោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ​កំពុង​ព្យាយាម​ពង្រីក​លទ្ធភាព​របស់​ខ្លួន​ ដោយ​ការ​អភិវឌ្ឍ​មីស៊ីល​ផ្លោង​ នាវា​ផ្ទុក​យន្តហោះ ​និង​​មូល​ដ្ឋាន​យោធា​នៅ​ក្រៅ​ប្រទេស​។

ទន្ទឹម​នឹង​នេះ​ គណបក្ស​កុម្មុនីស្ត​ចិន​​របស់​លោក​ ស៊ី​ ​បាន​បង្កើន​ការ​ត្រួត​ត្រា​នៃ​ឧស្សាហកម្ម​គ្រប់​គ្រង​ដោយ​រដ្ឋ​ និង​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ ទៅ​ក្នុង​គំនិត​ផ្តួច​ផ្តើម​ជា​យុទ្ធសាស្រ្ត​ ក្នុង​គោល​បំណង​​ទំនុក​បម្រុង​អ្នក​បង្កើត​ចិន​លើ​វិស័យ​ផ្សេង​ៗ​ ដូច​ជា​ថាមពល​កកើត​ឡើង​វិញ ​រថយន្ត​អគ្គិសនី​ បន្ទះ​ឈីប​កុំព្យូទ័រ​ លំហ​អាកាស​ និង​បច្ចេក​វិទ្យា​ផ្សេង​ទៀត​។​

ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​​បក្ស​កុម្មុយនីស្ត​ចិន​បាន​ជំរុញ​ឱ្យ​មាន​ការ​ត្អូញ​ត្អែរ​ដែល​ថា​ ទីក្រុង​ប៉េកាំង​ការពារ​​ និងផ្ដល់​​​ឧបត្ថម្ភធន​​ដល់​អ្នក​បង្កើត​​ចិន​​តាម​បែប​មិន​ត្រឹម​ត្រូវ​ ដែល​ធ្វើ​ឱ្យ​អតីត​ប្រធានាធិបតី​​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ ​​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូលពី​​ចិន​ក្នុង​ឆ្នាំ​ ២០១៩​ ​។ លោក ចូ បៃដិន​ ដែល​កាន់​​តំណែង​បន្ទាប់​ពី​លោក​ ត្រាំ​ ​​បាន​រក្សា​​​ការ​រឹត​បន្តឹង​​ទាំង​នោះ​ ​ហើយ​ចាប់​ផ្ដើម​បង្កើន​ការ​រឹត​បន្តឹង​លើ​ការ​​បិទ​ចិន​ ពី​ការ​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បន្ទះ​ឈីប​របស់ខ្លួន​នៅ​ក្នុង​ខែ​នេះ​។

​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​​ផែនការ​របស់​បក្ស​កុម្មុនីស្ត​ចិន​ ​បាន​អំពាវ​នាវ​ឱ្យ​បង្កើត​សង្គម​រីក​ចម្រើន​មួយ​នៅ​ពាក់​កណ្តាល​សតវត្ស​នេះ​ និង​ស្ដារ​ប្រទេស​ចិន​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិ​សាស្ត្រ​​​ជា​ប្រទេស​ដឹក​នាំ​នយោបាយ​ សេដ្ឋកិច្ច ​និង​វប្បធម៌​។ ​សព្វ​ថ្ងៃ​នេះ​ ​ក្រុង​ប៉េកាំង​​​​បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ រួម​ទាំង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​សាង​សង់កំ​ពង់ផែ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​នៅ​ទូទាំង​អាស៊ី ​និង​អាហ្រ្វិក​ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​ព្រមាន​ថា​ ការ​កែទ​ម្រង់​ទីផ្សារ​បញ្ច្រាសនេះ​ ​អាច​រារាំង​កំណើន​របស់​ចិន​៕

ដោយ៖ហួន ឌីណា ប្រភព​៖ China’s Xi calls for military growth as party congress opens

ads banner