បន្ទាប់ពីមនុស្សជិត២០នាក់បានស្លាប អ៊ូហ្គង់ដាប្រកាសបិទខ្ទប់តំបន់ផ្ទុះ​ឆ្លងជំងឺអេបូឡា

អូហ្គង់ដា៖នៅប្រទេសអូហ្គង់ដា​ ជំងឺអេបូឡាបានសម្លាប់​មនុស្សចំនួន ​១៩នាក់ និង​បាន​ចម្លងបន្តទៅកាន់មនុស្ស​ ​៥៨នាក់ផ្សេងទៀត ក្នុងរយៈពេល​មិនដល់មួយខែ។ បើតាម​អាជ្ញាធរសុខាភិបាល ​ ជំងឺអេបូឡាបានរកឃើញនៅក្នុងប្រទេស​អូហ្គង់ដា ​ជាលើកដំបូងកាលពីថ្ងៃទី​២០ ខែកញ្ញាកន្លងទៅ។   

ក្លឹបកម្សាន្តពេលរាត្រី កន្លែងទីសក្ការៈបូជា កម្លែងកម្សាន្ត​និងកន្លែងប្រមូលផ្តុំមនុស្សច្រើន ក្នុងស្រុកចំនួនពីរនៃ​ប្រទេសនេះគឺ​ ស្រុក​ Mubende និង​ស្រុកក្បែរខាង​ Kassanda នឹងត្រូវបិទចោល​រយៈពេល​២១ថ្ងៃ ដោយសារការផ្ទុះឆ្លងរាលដាលជំងឺ​អេបូឡា។នេះបើតាមការប្រកាសក្នុងសុន្ទរកថាបន្ទាន់មួយ នៅតាមទូរទស្សន៍​របស់ប្រធានាធិបតីអ៊ូហ្គង់ដា លោក​ Yoweri Museveni កាលពីថ្ងៃទី​១៥ ខែតុលា។ ​

ចំណែកឯ ការធ្វើដំណើរចេញចូល​ស្រុកទាំងពីរខាងលើនេះ ក៏ត្រូវបានហាមឃាត់​​ លើកលែងតែឡានដឹកទំនិញតែប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ូហ្គង់ដា លោក​ Yoweri Museveni បានបញ្ជាក់ឱ្យអាជ្ញាធរនិង​ប៉ូលិស​ ចាប់ខ្លួន​​បុគ្គល​ណា​ ដែល​សង្ស័យនិងធ្លាប់មានទំនាក់ទំនងជាមួយអ្នកវិជ្ជមាន​ជំងឺអេបូឡា​​ហើយមិនព្រម​ដាក់ខ្លួនដាច់ដោយឡែក។

ក្រៅពីនេះ លោកប្រធានាធិបតីក៏បាន​ប្រកាសហាមឃាត់​ការ​​ប្រើប្រាស់ការរកវិធីបុរាណ​ព្យាបាលជំងឺ​អេបូឡា ​ដោយសារការព្យាបាលបែបបុរាណ​ត្រូវបានរកឃើញថា ​មានជាប់ទាក់ទងទៅនឹងការផ្ទុះឆ្លងជំងឺអេបូឡានេះ។

គិតមកដល់ពេលនេះ អូហ្គង់ដាមានអ្នកស្លាប់ដោយសារជំងឺអេបូឡាចំនួន​ ១៩នាក់ និង​ ៥៨នាក់​កំពុងមានផ្ទុកជំងឺនេះ ខណៈមនុស្សជាច្រើនកំពុងស្ថិតនៅក្នុងការសង្ស័យ។ ទោះយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់និងអ្នកឆ្លង ត្រូវបានគេរំពឹងថា អាចនឹងមានខ្ពស់​ជាងតួលេខដែល​ផ្តល់ដោយអាជ្ញាធរ។

ការប្រកាសដាក់ចេញវិធានការបន្ទាន់របស់លោក​ Yoweri Museveni នេះ គឺជាការរឿងដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះថាលោកប្រធានាធិបតីរូបនេះ កន្លងមក ធ្លាប់បានអះអាងថា គ្មានភាពចាំបាច់អ្វីក្នុងការដាក់ចេញវិធានការទប់ស្កាត់ចាំបាច់ដូច​​ជំងឺកូវីដ១៩​ឡើយ។

គួរជ្រាបថា អូហ្គង់ដា ធ្លាប់​​អះអាងមិនអនុវត្តវិធានការ​ទប់ស្កាត់​ជំងឺអេបូឡា តាំងតែមានករណីសង្ស័យ ដោយលើកឡើងថា វាជាជំងឺឆ្លងដ៏កម្រមួយប្រភេទ​ ពោល​មិនមែនជាជំងឺអេបូឡាឡើយ​។

ការប្រកាសបញ្ជាក់ពី​ការ​ផ្ទុះ​ជំងឺ​អេបូឡាលើកទី១នោះ​​ គឺ​បន្ទាប់​ពី​មាន​អ្នក​ជំងឺ​ស្លាប់លើក​ទី​មួយ ក្នុង​ស្រុក​​ Mubende ​កាលពីថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ និងក្រោយមក សមាជិកគ្រួសារចំនួន ​​៦នាក់របស់អ្នកជំងឺនោះ បានស្លាប់ជាបន្តបន្ទាប់​។

តាមអាជ្ញាធរ ការផ្ទុះឡើងជំងឺអេបូឡាបានចាប់ផ្តើមនៅដើមខែកញ្ញា ​បច្ចុប្បន្ននៅតែជាចំណុចផ្ទុះឆ្លងខ្លាំង នៅស្រុក​​ Mubende មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ ពី ​ Kampala ទីក្រុង​នៃប្រទេស​អូហ្គង់ដា ដែលមានប្រជាជនរស់នៅប្រមាណ​ ១.៥លាននាក់​។ ​រាជធានី​ Kampala នៅពុំទាន់ត្រូវបិទខ្ទប់នៅឡើយទេ ទោះបី​ជាបាន​រកឃើញករណីវិជ្ជមានអេបូឡា​​លើ​ប្តីប្រពន្ធមួយគូក៏ដោយ។

គួរជ្រាបថា មេរោគអេបូឡានេះ​​ ធ្វើការ​ចម្លងពីមនុស្សទៅមនុស្ស​​ តាមរយៈការ​ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសារធាតុរាវចេញពីខ្លួនរបស់មនុស្សដែលមានផ្ទុកមេរោគដូចជាញើស ទឹកមាត់ ទឹករងៃ ឈាម លាមក ឬកំអួតជាដើម។

អ្នកឆ្លងអេបូឡា ជាមធ្យមក្នុងរវាង​៥ថ្ងៃ អាចមាន​អការៈក្តៅខ្លួនខ្លាំង ហើយបាក់ស្រុត​កម្លាំងមួយរំពេច អមជាមួយ​នឹងការឈឺចុកសាច់ដុំ ឈឺសន្លាក់ឆ្អឹង ឈឺក្បាលខ្លាំងនិងឈឺបំពង់ក។ ក្នុងករណី​ខ្លះ អ្នកផ្ទុកអាចនឹងដាច់សរសៃឈាមផង។ ហើយបើទោះសង្រ្គោះបាន​ផុតពីស្លាប់ អ្នកផ្ទុកវា អាចមាន​បញ្ហាភ្នែក ឬត្រចៀក។ តាម​អង្គការសុខភាពពិភពលោក (WHO) អត្រាមរណភាព​នៃអ្នកកើតអេបូឡានោះ​​មានចន្លោះពី ៤១ភាគរយ ទៅ ១០០ភាគរយ ខណៈថ្នាំវ៉ាក់សាំង កំពុង​ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ៕ ដោយ៖បណ្តូល ពេជ្រ / CPA

ads banner