អភិបាលរាជធានីស្នើសុំឱ្យអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុន នៅរាជធានីភ្នំពេញអោយកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំអោយអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញអោយបានច្រើន ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូធាឡើង។

ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្តម ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយលោក ជូ ណាក់យុាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជាក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០ ។ដូច្នេះលោកស្នើសុំតាមរយៈលោក Joo Nak-young
អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ អោយមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញអោយបានច្រើន។

ជាមួយគ្នានេះចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះព័ន្ធផងដែរ នេះពិតជាបានបង្កលក្ខណៈងាយស្រួលអោយអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។

លោក Joo Nak-young ក៏ឱកាសនោះបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់ឯ ឧ ឃួង ស្រេង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀងគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀតអោយ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅរាជធានីភ្នំពេញអោយបានកាន់តែច្រើន ធ្វើយ៉ាងណាអោយទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner