អ៊ុយក្រែនមានបំណងកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីរ៉ង់ ក្រោយចោទអ៊ីរ៉ង់ផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា ថ្លែងថា រូបលោកបាននិងកំពុងដាក់សំណើទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីរ៉ង់។
លោក ខូលេបា បានបង្ហើបថា គាត់បានចាត់វិធានការនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយនិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាតដែលផលិតដោយអ៊ីរ៉ង់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ហើយប្រជាជននៅក្នុងប្រទេសកំពុងរងទុក្ខ និងស្លាប់ដោយសារការវាយប្រហារនេះ។ លោក ខូលេបា បន្តថា លោកក៏បានចាត់វិធានការផងដែរ បន្ទាប់ពីបានពិចារណាលើរបាយការណ៍ថ្មី ដែលបង្ហាញថា អ៊ីរ៉ង់នៅតែបន្តផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។ ប៉ុន្តែទោះបីជាយ៉ាងណា អ៊ីរ៉ង់បានចេញមុខបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានផ្គត់ផ្គង់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែន ការផ្តល់អាវុធដើម្បីធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន និងសម្លាប់ពលរដ្ឋអ៊ុយក្រែន នឹងធ្វើឱ្យអ៊ីរ៉ង់ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឈ្លានពាន, ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើភេរវកម្មរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា ក៏បានអំពាវនាវដល់សមភាគីសហភាពអឺរ៉ុបរបស់លោក ឱ្យដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ចំពោះការជួយរុស្ស៊ីប្រព្រឹត្តអំពើភេរវកម្ម៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា