នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីគាស់ដំបូលតូប ចូលលួចអាយផែត ឃាត់ខ្លួនជនសង្ស័យម្នាក់
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីលួច(គាស់ដំបូលតូបចូលលួចអាយផែត) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២ និង១៥នាទី ត្រង់ចំណុចហាងលក់ទូរសព្ទ័ដៃយីហោប្រណិត ស្ថិតនៅផ្ទះលេខ៩៣០ ផ្លូវជាតិ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ គឹម ម៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុ មុខរបរលក់ទូរសព្ទ័ដៃ។ ចំណែកជនសង្ស័យឈ្មោះ វ៉ន ផាន់ណា ហៅជា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ សំភារៈដកហូតបាន៖ អាយផេតចំនួន ០៣គ្រឿង ម៉ាកអាយហ្វូន ជារបស់ជនរងគ្រោះ និងវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តទៀតថា ដំណើររឿងហេតុ ដោយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង២១ មុនពេលកេីតហេតុ ជនរងគ្រោះបានបិទទ្វាតូបលក់ទូរសព្ទ័របស់ខ្លួនរួចសំរាកក្នុងបន្ទប់លុះដល់ម៉ោង០២ និង១៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្រាប់តែលឺសំឡេងរុះរេីឥវ៉ាន់ ក៏បេីកកាមេរ៉ាសុវត្ថិភាពមេីល ឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពលួចអាយផែត រួចក៏បានប្តឹងរាយការណ៍មកកំលាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានភ្លាមៗ នៅកន្លែងកេីតហេតុ។
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ចំណែកអាយផេត បានប្រគល់អោយជនរងគ្រោះវិញ ៕ ដោយ ប៊ុនធី