ឃាត់ខ្លួនមេការ ២នាក់ និងរំដោះនារីរងគ្រោះចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម
ភ្នំពេញ ៖កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និង នារីរងគ្រោះចំនួន ០៣នាក់ ក្នុងនោះមានអនីតិជនចំនួន០១នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថាមេការទាំង២នាក់ប្ដីប្រពន្ធនោះ មានឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ជាប្ដី។ និងឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ស្នាក់នៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោមការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ប្ដីប្រពន្ធ និងនារីរងគ្រោះ ក្មេងៗចំនួន០៣នាក់។
សមត្ថកិច្ចបានអោយដឹងបន្តទៀតថាករណីគឺធ្វើឡើង នៅវេលាម៉ោង០៨និង៣០នាទី យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ចំណុចហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» មានម្ចាស់ ២នាក់ប្ដីប្រពន្ធ គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៣នាក់ សង្ស័យអនីតិជន ០១នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ១២.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ១០យប់ ។
ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនមេការ ២នាក់ប្ដីប្រពន្ធ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៣នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕
ដោយ៖តុង សីហា