រុស្ស៊ីទាត់ចោលការចោទប្រកាន់ថា ខ្លួនប្រើប្រាស់យន្តហោះដ្រូនអ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ ថ្លែងថា សព្វាវុធទាំងអស់ដែលប្រើប្រាស់ដោយកងទ័ពរុស្ស៊ី គឺបានមកពីឃ្លាំងស្តុកក្នុងស្រុក ហើយបានបដិសេធជាថ្មីចំពោះរបាយការណ៍ដែលថា ទីក្រុងម៉ូស្គូបានប្រើប្រាស់យន្តហោះដ្រូនអត្តឃាត ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។

https://youtu.be/aSxW0066yHY

លោក ប៉េសស្កូវ នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់យ៉ាងដូច្នេះថា ទេ… យើងមិនមានព័ត៌មានបែបនេះទេ… សព្វាវុធរបស់រុស្ស៊ីកំពុងត្រូវបានប្រើប្រាស់… អ្នកដឹងច្បាស់ហើយ… រាល់ចម្ងល់បន្ថែមអាចផ្ញើទៅកាន់ក្រសួងការពារជាតិរុស្ស៊ី។ មន្ត្រីអាមេរិក និងអ៊ុយក្រែនបានអះអាងក្នុងឱកាសជាច្រើនថា រុស្ស៊ីបានទទួលយន្តហោះដ្រូន (UAV) ជាច្រើនប្រភេទមកពីប្រទេសអ៊ីរ៉ង់ ហើយកំពុងប្រើប្រាស់វាក្នុងជម្លោះជាមួយអ៊ុយក្រែន។

យោងតាមខ្សែអាតិ៍វីដេអូនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងថ្ងៃចន្ទសប្តាហ៍នេះ យន្តហោះដ្រូនអត្តឃាតជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញហោះហើរលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដោយកងទ័ពបានព្យាយាមបាញ់ទម្លាក់ពួកវាដោយអាវុធធុនតូច។
ប្រភពបានឱ្យដឹងទៀតថា យ៉ាងហោចណាស់យន្តហោះដ្រូនមួយគ្រឿងត្រូវបានគេរាយការណ៍ថា បានបុក និងធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយកន្លែង ដែលបង្កឱ្យមានការផ្ទុះដ៏ខ្លាំងក្លាមួយ។

បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរអ៊ុយក្រែន ការវាយប្រហារដោយយន្តហោះដ្រូននេះ ធ្វើឡើងអំឡុងពេលព្រឹកព្រលឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងកៀវ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner