ប្រមុខការទូតអាល្លឺម៉ង់ថា ប្រទេសលោកខាងលិចមិនគួរចង់បានសន្តិភាព តាមរយៈការជំរុញអ៊ុយក្រែនលះបង់ទឹកដីទៅឱ្យរុស្ស៊ីនោះទេ
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាឡេណា ប៊ែរបក ថ្លែងថា ប្រទេសលោកខាងលិចមិនគួរដោះស្រាយកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលនឹងនាំឱ្យអ៊ុយក្រែនលះបង់ទឹកដីទៅឱ្យរុស្ស៊ីនោះទេ។
ថ្លែងនៅឯវេទិកាគោលនយោបាយការបរទេសទីក្រុងប៊ែរឡាំងឆ្នាំ ២០២២ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី ប៊ែរបក បាននិយាយយ៉ាងដូច្នេះថា ការពិភាក្សាជាសាធារណៈដោយបើកចំហ គឺជាទិដ្ឋភាពសំខាន់នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ… អ្នកដែលស្នើឱ្យមានការជួញដូរបូរណភាពទឹកដីរបស់អ៊ុយក្រែន សម្រាប់ការរំពឹងទុកនៃសន្តិភាពភ្លាមៗ ត្រូវបានគេយល់ច្រឡំម្តងហើយម្តងទៀត។
លោកស្រី ប៊ែរបក បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តឆោតល្ងង់បែបនេះបានបរាជ័យរួចហើយកាលពីឆ្នាំ ២០១៤ យើងបានឃើញច្បាស់ហើយថា ការកាត់បញ្ចូលឧបទ្វីបគ្រីមៀ និងតំបន់ដុនបាស់ គ្រាន់តែជាការបំផ្លើស នៃអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតអាល្លឺម៉ង់រូបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៊ែរឡាំង ចំពោះសាមគ្គីភាពជាមួយប្រទេសអឺរ៉ុបដទៃទៀតថា សន្តិសុខនៃរដ្ឋបាល់ទិក សន្តិសុខនៃអឺរ៉ុបខាងកើត គឺជាសន្តិសុខរបស់អាល្លឺម៉ង់។
លោកស្រីថា អាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែនជាមួយនឹងការផ្គត់ផ្គង់សព្វាវុធទាំងអស់ដែលទីក្រុងកៀវត្រូវការ ដោយសន្យាផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌ផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា