រុស្ស៊ីបំផ្លាញរោងចក្រថាមពលរបស់អ៊ុយក្រែនអស់៣០ភាគរយក្នុងមួយសប្តាហ៍
អ៊ុយក្រែន៖ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន។ តំបន់ជាច្រើនរបស់អ៊ុយក្រែន និងរដ្ឋធានីកៀវ បានដាច់ចរន្តអគ្គិសនី និងគ្មានទឹកសម្រាប់ប្រើប្រាស់ឡើយ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អះអាងថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានបំផ្លាញស្ថានីយថាមពលរបស់អ៊ុយក្រែនចំនួន ៣០ភាគរយ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។
មានការបំផ្លិចបំផ្លាញជាច្រើន ព្រោះថារុស្ស៊ី កំពុងតែចាប់ផ្តើមយុទ្ធនាការវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែននៅមុខរដូវរងា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មីស៊ីលរបស់រុស្ស៊ីបានវាយប្រហាររោងចក្រផលិតថាមពលនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ រដ្ឋអំណាចអ៊ុយក្រែន បានឱ្យដឹងដែរថា ហេដ្ឋារចនាសម្ព័ន្ធទឹករបស់ខ្លួនក៏រងការវាយប្រហារយ៉ាងខ្លាំងណាស់ដែរ។
លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា៖ «ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក ៣០ភាគរយ នៃស្ថានីយថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញ រហូតបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅទូទាំងប្រទេស»។
ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែនវិញ បានឲ្យដឹងថា ស្ថានភាពនៅទូទាំងប្រទេសអ៊ុយក្រែនឥឡូវនេះគឺមានសភាពធ្ងន់ធ្ងរខ្លាំង។ មនុស្សចំនួន៣នាក់ បានស្លាប់នៅក្នុងរដ្ឋធានីកៀវនាថ្ងៃអង្គារ ទី១៨ តុលា នៅពេលដែលកងទ័ពរុស្ស៊ីបើកការវាយប្រហារលើរោងចក្រថាមពលជាច្រើនកន្លែងរហូតបណ្តាលឱ្យមានការផ្ទុះ ភ្លើងឆេះ និងការដាច់ភ្លើង។ នេះបើតាមការឲ្យដឹងពីអភិបាលក្រុងកៀវ លោក វីតាលី គ្លីតឆ្កូ។
បន្ទាប់ពី អគារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនពីរត្រូវបានវាយប្រហាររួចមក អាជ្ញាធរអ៊ុយក្រែន បានស្នើសុំប្រជាជនដែលរស់នៅក្នុងរដ្ឋធានីកៀវឱ្យប្រើប្រាស់អគ្គិសនី និងទឹកដោយសន្សំសំចៃផង។
ទន្ទឹមគ្នានេះ មានសេចក្តីរបាយការណ៍ផងដែរ ពីការវាយប្រហាររបស់រុស្ស៊ីសំដៅលើស្ថានីយផលិតថាមពលនៅតំបន់ខារីវ (Khariv) ជិតព្រំដែនរុស្ស៊ី និងនៅក្នុងទីក្រុងគ្រីវី រី (Kryvyi Rih) ដែលជាស្រុកកំណើតរបស់លោក ហ្សេឡេនស្គី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញដែរថា កងកម្លាំងរុស្ស៊ីពិតជាបានបន្តការវាយប្រហារដោយភាពជាក់លាក់ខ្ពស់ ទៅលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន។
គួរជ្រាបថា បន្ទាប់ពីរងបរាជ័យដ៏ឈឺចាប់ជាបន្តបន្ទាប់នៅឯសមរភូមិ រុស្ស៊ីបានបង្កើនការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនៅក្នុងទីក្រុងអ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិជួរមុខ។
មកទល់ពេលនេះ ទីក្រុង និងភូមិជាងមួយពាន់នៅទូទាំងប្រទេសអ៊ុយក្រែន នៅតែគ្មានអគ្គិសនីប្រើប្រាស់។ ខាងសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានឱ្យដឹងថា មនុស្សជាង ៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តដ្រូនគ្មានមនុស្សបើករបស់រុស្ស៊ី រាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក៕
ប្រភពព័ត៌មាន៖