ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍ នៃ គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Vanthoung) សមាជិកការិយាល័យនយោបាយ និងជាលេខា អចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅ វិមាន៧មករា រាជធានីភ្នំពេញនាថ្ងៃទី១៩ ខែតុលា។
សូមជម្រាបថា ឯកឧត្តម វ៉ វ៉ាន់ធឿង បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាមមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលាដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ។
គួររំលឹកដែរថា ក្នុងឱកាសស្នាក់នៅនិងបំពេញទស្សនកិច្ចនៅម្ពុជា គណៈប្រតិភូបានពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១៨ ខែតុលា ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានលើកឡើងពីទិសដៅសំខាន់របស់ប្រតិភូទាំង មូល គឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនង រវាងបក្ស និងរវាង ប្រទេស ទាំងពីរឱ្យកាន់តែខ្លាំងឡើង ។
ឯកឧត្តម បានគោរពសូម គោលការណ៍ពីសម្ដេចតេជោ ៖ទី១ ជំរុញទំនាក់ទំនងរវាង បក្សនិងបក្ស ឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង ។ទី២ ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ។ទី៣ជំរុញទំនាក់ទំនងរវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។ទី៤ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។ទី៥ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម និងទី៦ ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និង ពិភពលោក ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះសំណើ ទាំង ៦ចំណុច នេះ ។សម្ដេចតេជោ បានមានប្រសាសន៍ ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ ល ៕
ដោយ៖ វណ្ណលុក (រូបភាព សួង ពិសិដ្ឋ)