លោក ឌី រ័ត្នខេមរុណ ដឹកនាំក្រុមការងារ សហការជាមួយក្រុមហ៊ុនហ្រ្គេនខនស្រ្តាក់សិន ចុះពិនិត្យសិក្សាសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមតាមផ្នែក និងចុះសួរសុខទុក្ខជាមួយបងប្អូនអាជីវករផ្សារអូរឬស្សី

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារ រួមជាមួយក្រុមហ៊ុនហ្រ្គេនខនស្រ្តាក់សិន និងឌីវេឡុបមេន ចុះពិនិត្យសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមចេញសរសៃដែក ជ្រាបទឹក ស្ថិតនៅ ចំណតរថយន្តនៅជាន់ទី២ (ដំបូលទែរ៉ាស់) ផ្សារអូរឫស្សី នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។

យោងតាមលិខិតលេខ ១០៨៨/២២ ឆត.រ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌ៧មករា បានចុះពិនិត្យ ស្ថានភាពជាក់ស្តែង់នៅចំណតជាន់ទី២ (ដំបូលទែរ៉ាស់) ផ្សារអូរឫស្សី បានឃើញថា ប្លុកប្លង់សេ អ័ក្ស(B-C) និងអ័ក្ស (១៣-១៤-១៥-១៦) មានសភាពប្រេះបេតុងចេញសរសៃដែកជាច្រើន និង មានការជ្រាបទឹក នៅតាមមុខតំណសីតុណ្ហភាព(ឆ្នើមភ្លោះ) ។ ក្រោយពីបានចុះពិនិត្យរួចមក ក្រុមការងារ រដ្ឋបាលខណ្ឌ សម្រេចឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោម ៖

១-បិទដំណើរការចំណតឡាននៅចន្លោះអ័ក្ស (B-C) និងអ័ក្ស (១៣-១៤-១៥-១៦) នៃចំណតជាន់ទី២ ជាបណ្ដោះអាសន្ន ។
២-ត្រូវដាក់របាំងការពារកំទេចថ្ម ឬ បេតុងធ្លាក់មកលើអាជីវករ និងប្រជាពលរដ្ឋនៅជាន់ខាងក្រោម។
៣-ត្រូវរកអ្នកបច្ចេកទេសមកសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់មុននឹងធ្វើការជួសជុល ដោយ ត្រូវសហការជាមួយទីចាត់ការរៀបចំក្រុង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញដើម្បីពិនិត្យនិងវាយតម្លៃ លើលក្ខណៈបច្ចេកទេសដែលបានសិក្សារួច។
៤-នៅពេលសិក្សាលក្ខណៈបច្ចេកទេសដែលត្រូវជួសជុលរួចរាល់ជាស្ថាពរ ត្រូវធ្វើបញ្ជីប៉ាន់តម្លៃ ឱ្យបានច្បាស់លាស់ រួចបញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច ។

បន្ទប់ពីពិនិត្យនូវសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមចេញសរសៃដែក ជ្រាបទឹក ស្ថិតនៅ ចំណតរថយន្តនៅជាន់ទី២ (ដំបូលទែរ៉ាស់) ផ្សារអូរឫស្សី រួបមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីករលក់ដូរ នៅផ្សារអូរឫស្សី ព្រមទាំងទទួលយកនូវសំណូមពរពីបងប្អូនអាជីវករ ដោយក្តីរីករាយបំផុត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner