វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ត្រូវបានប្រារព្ធបើកនៅភ្នំពេញ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីបើកវេទិកា
អាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ច សហប្រតិបត្តិការក្នុងតំបន់” ដែលប្រព្រឹត្តិទៅសណ្ឋាគារភ្នំពេញនា ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន សហព័ន្ធ និយោជកអាស៊ាន អង្គការសហជីពអាស៊ាន សមាគមនិយោជក សហជីព អង្គការសង្គម ស៊ីវិលនៃបណ្តារដ្ឋសមាជិកអាស៊ាន ក្រុមការងារសម្រាប់ពលករ ទេសន្តរប្រវេសក៍អាស៊ាន និងតំណាងអង្គការអន្តរជាតិ ប្រមាណ ១០០នាក់។

ក្នុងឱកាសបើកវេទិកាឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយ ដែលជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ ដោយ សារការធ្វើទេសន្តរប្រវេសន៍ការងារជាបាតុភូតសង្គមដែលមិនអាចលុបបំបាត់បាន ការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរ ប្រវេសក៍ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត។ ក្នុងបុព្វហេតុនេះ ប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិក អាស៊ាន បានដាក់ចេញ និងអនុម័តនូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការ ការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងឆ្នាំ ២០០៧ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើក កម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងឆ្នាំ២០១៧។
តាមរយៈ សេចក្តីថ្លែងការណ៍ខាងលើ គណៈកម្មការសម្រាប់អនុវត្ត សេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ដើម្បីអនុវត្តសកម្មភាព/គម្រោងនានាក្នុង ការ លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ក្នុងនាមជារដ្ឋសមាជិក អាស៊ាន កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសក៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសក៍បរទេសដែលមកធ្វើការនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាបានធ្វើ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយបណ្តាប្រទេស នានាទាំងនៅក្នុង និងក្រៅតំបន់អាស៊ានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការ អបអរសាទរ និងបញ្ជាក់ឱ្យដឹងថា “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរ ប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជា ប្រធាន អាស៊ាន ឆ្នាំ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ច ប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុង ខែវិច្ឆិកាខាងមុខនេះ។សេចក្តីថ្លែងការណ៍នេះជាសមិទ្ធផល ដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហានដ៏ធំឆ្ពោះ ទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃ សេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាព អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជា ជំងឺកូវីដ-១៩ មានស្ថានភាពល្អប្រសើរជាបន្តបន្ទាប់ក៏ដោយ វាជា ការចាំបាច់ជាងពេលណាៗទាំងអស់ដែលយើងទាំងអស់គ្នា ត្រូវតែ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពពលករទេសន្តរប្រវេសន៍ ដោយឈលើមូលដ្ឋានថាការអនុវត្តសិទ្ធិការងារ និង កិច្ចគាំពារ សង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ គឺជាការអនុវត្តសិទ្ធិ មនុស្ស។ យ៉ាងណាមិញ ការបើកដំណើរការឡើងវិញនៃទេសន្តរ ប្រវេសន៍ការងារក្នុងតំបន់អាស៊ាន ដែលមានការងារសមរម្យ បរិយាបន្ន និងយុត្តិធម៌សង្គម ស្របតាមគន្លងប្រក្រតីភាពថ្មី ក៏ជាកិច្ចការដ៏សំខាន់ដែលត្រូវធ្វើផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់វេទិកាទាំងមូលឱ្យខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ហើយចែករំលែកបទ ពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីសម្រេចឱ្យបាននូវការដាក់ចេញ អនុសាសន៍របស់វេទិកាអាស៊ានលើកទី១៥ នេះ សម្រាប់ គណៈកម្មការ ACMW យកទៅធ្វើជាធាតុចូលក្នុងការរៀបចំ សកម្មភាពការងាររបស់ខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការស្តារឡើងវិញនៃទេសន្តរប្រវេសន៍ការងារ បន្ទាប់ពីវិបត្តិ កូវីដ-១៩ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន បន្ថែមទៀត៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner