អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា៖ ការផ្តល់ឥណទានខុសច្បាប់ អាចបង្កឱ្យប្រជាពលរដ្ឋមានបំណុលច្រើនលើសលុប ដែលជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កំពុងផ្តល់សេវាធនាគារផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួននៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងបើកចំហ ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា៖ ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា ខុសនឹងមាត្រា៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ការផ្តល់ឥណទានខុសច្បាប់នេះ ក៏ផ្ដល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌និងយន្តការការពារអតិថិជន អាចជំរុញឱ្យមានអំពើហិង្សា ការបាត់បង់ ទ្រព្យធានា និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ។ ការណ៍នេះ ក៏ជះឥទ្ធិពល អវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ បានថ្លែងដូចនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិធានការ និងការបង្ក្រាបសកម្មភាព ផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់ នាថ្ងៃទី១៩តុលា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងមកពីក្រសួង/ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ១២០ រូប។

ក្នុងឱកាសនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះកិច្ចសហការល្អកន្លងមកជាមួយធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការចាត់វិធានការចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។

ឯកឧត្តម បានបន្តថា ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កិច្ចគាំពារអតិថិជន និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាធនាគារតាមតម្រូវការទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ គឺជារបៀបវារៈស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចែងក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។

ស្របតាមផែនទីមគ្គុទ្ទេសក៍នេះ ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចគាំពារអតិថិជន តាមរយៈការរៀបចំសិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតាមបណ្ត ខេត្ត-ក្រុង និងស្រុកទូទាំងប្រទេស។ បច្ចុប្បន្ន សិក្ខាសាលានេះ បាននិងកំពុង៖ ទី១/-ផ្សព្វផ្សាយ អំពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ទី២/-ផ្សព្វផ្សាយក្របខណ្ឌច្បាប់និង បទប្បញ្ញត្តិពាក់ព័ន្ធនានា ទី៣/-លើកកម្ពស់ការយល់ដឹងពីសេវាកម្មរបស់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ ទី៤/-ពិភាក្សាអំពី បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា និង ទី៥/-ស្វែងរកដំណោះស្រាយនិងឆ្លើយតប នូវសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចំពោះការប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ ផ្តួចផ្តើមរៀបចំសិក្ខាសាលានាថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បី៖ ១/-បញ្ជ្រាបការយល់ដឹង បន្ថែមដល់ភាគីពាក់ព័ន្ធអំពីវិធានការផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់ ២/-ដាក់ចេញនូវវិធានការអប់រំ ឬណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ និង ៣/-ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។

សិក្ខាសាលានាថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន ដើម្បីរួមគ្នាក្នុងកំណត់វិធាន និងយន្តការទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ សកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ នឹងរៀបចំចេញសេចក្តីប្រកាសព័ត៌មាន រួមគ្នាអំពីលទ្ធផលនៃសិក្ខាសាលា ក៏ដូចជាជំហរនៃកិច្ចសហការគ្នាទៅវិញទៅមក ក្នុងការចាត់ វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់ ៕ ដោយ វណ្ណលុក (រូបភាព វ៉េង លីមហួត)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner