រដ្ឋបាលខេត្តបាត់ដំបង បានផ្ទេរផ្ទៃដីជាង ១ម៉ឺនហិកតាក្នុងខេត្ត ដែលត្រូវបានកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ រដ្ឋបាលខេត្តប៉ៃលិនវិញ

ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។ខណៈដែលខេត្តទាំង២បានខិតខំយ៉ាងមមាញឹក ដើម្បីធ្វើឲ្យការកែសម្រួលនេះប្រព្រឹត្តទៅដោយរលូន និងមានការឯកភាពគ្នាជាក់លាក់ដើម្បីទទួលយកការកំណត់នូវព្រំប្រទល់រដ្ឋបាលខេត្តរបស់ខ្លួន ជាថ្មីឡើងវិញ។

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់ថា៖ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន គឺ៖ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ។ចំពោះនីតិវិធី នៃ ការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរីក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២ ។

នៅក្នុងអង្គប្រជុំនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តទាំង២ បានឯកភាពកែសម្រួលផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូតនិងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ រដ្ឋបាលខេត្តប៉ៃលិនវិញ។ ដោយក្នុងនោះ៖១-ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១.៣៧៦ហិកតា ។ ២- ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣.៦១៨ហិកតា ។ ៣- ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦.៦៨៥
ហិកតា។

ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សក់ សេដ្ឋា បានធ្វើការណែនាំដល់អាជ្ញាធរខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវការងារនេះឱ្យបានល្អនិងបានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងអាជ្ញាធរ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៅទីនោះផងដែរ…។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលជាអធិបតីក្នុងកិច្ចប្រជុំនេះ ក៏បានអញ្ជើចុះទៅពិនិត្យមើលនៅចំណុចទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តទាំង២ ផ្ទាល់ផងដែរដោយបានណែនាំសង្កត់ធ្ងន់បន្ថែមថា៖បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ”ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន” ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អតាមស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈពេលអន្តរកាលនេះ មានការចូលទន្រ្ទាន កាប់បំផ្លាញព្រៃឈើ ។ ហើយចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេរ រវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់.ផងដែរ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner