សម្តេចតេជោ ហ៊ុន សែន គាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជននោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោល នូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ។

សម្តេចបានបញ្ជាក់ទៀតថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ យើងនឹងប្តឹងទៅតុលាការ ដើម្បីរំលាយបក្សនោះចោល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឲ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញុំកាន់តំណែង ក៏ខ្ញុំមិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី១ម៉ីលីម៉ែត្រ ព្រោះត្រូវជាប់គុក»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា «ខ្ញុំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។

សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញ្ញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីទណ្ឌិតញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។

ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner