សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត
កណ្តាល៖ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កម្ពុជា កំពុងដំណើរប្រជាធិបតេយ្យជាទៀងទៀត »។ សម្តេច ថា «រដ្ឋធម្មនុញ្ញ បានបញ្ជាក់ហើយ សភាមិនអាចរំលាយមុនអាណត្តិបានទេ ហើយការបោះឆ្នោតនៅកម្ពុជាតែងដំណើរការជាទៀងទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា «អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត»។ សម្តេចតេជោ បានបញ្ជាក់ថា «គណបក្សនយោបាយទាំងអស់ មានកាតព្វកិច្ចអំពាវនាវដល់អ្នកគាំទ្រខ្លួន ឲ្យពិនិត្យឈ្មោះបោះឆ្នោត»។
សូមជម្រាបថា នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។ ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣។
អ្នកគ្រប់អាយុចូលរួមបោះឆ្នោត បើមិនទៅចុះឈ្មោះបោះឆ្នោតទេ មិនមានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ២០២៣នោះឡើយ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ឬ អ្នកកើតមុន ឬ កើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ សុទ្ធតែអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៕ ដោយ វណ្ណលុក