ក្មេងកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ១២៩នាក់ដែលស្នាក់នៅទីទួលសុវត្ថិភាពទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧
បន្ទាយមានជ័យ៖ ក្មេងកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី១២៩នាក់ ដែលស្នាក់នៅទីទួលសុវត្ថិភាពទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅផ្សារបុរីជ័យ ភូមិចំការតារដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោក ពៅ គឹមសៀន ប្រធានមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរីបានប្រាប់ថា៖កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី បានរងផលប៉ៈពាល់ដោយទឹកជំនន់បានលិចក្នុងមណ្ឌលត្រូវបានអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងបានជម្លៀសក្មេងចំនួន ១២៩នាក់មកដាក់ទីទួលសុវត្ថិភាពនៅផ្សារចំការត្រដករបស់លោកឧកញ៉ា អ៊ឹង ប៊ុនម៉ៅ ។
លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរីបានមានប្រសាសន៍ថា៖ក្រោយក្មេងដែលរស់នៅក្នុងមណ្ឌលត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្លែងអំណគុណចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយចែកជូនដល់ក្មេងដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។
ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ជាការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ហើយក្រុមការងារបាននាំយកអំណោយមកចែកជូនដល់ក្មេងក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ដែលរងផលប៉ៈពាល់ដោយទឹកជំនន់ហើយជម្លៀសដាក់ទីទួលសុវត្ថិភាពក្នុងនោះមានអ្នកជម្ងឺ៤ទៅ៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។
ក្នុងឱកាសនោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមាន អង្ករ២០ការ៉ុង មី៣០កេស ទឹកស៊ីអ៊ីវ៣០យួរ ទឹកត្រី៣០យួរ ត្រីខកំប៉ុង៣០ដុំ សាប៊ូ១កញ្ចប់១គីឡូក្រាម ទឹកបរិសុទ្ធវីតាល់៥កេស ទឹកបរិសុទ្ធ៣០០យួរ និងថវិការមួយចំនួននិងជូនថវិកាដល់មន្ត្រីពេទ្យនិងកម្លាំងចូលរួម៣ស្ថាប័ន ៕ ដោយ៖ ឃិន គន្ធា