មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ស្នើដល់ក្រុមហ៊ុនកូរ៉េ វិនិយោគនិងគាំទ្របន្ថែមលើវិស័យ FinTech នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជាស្នើដល់ក្រុមហ៊ុនកូរ៉េខាងត្បូងប៊ូយ៉ុងឱ្យវិនិយោគបន្ថែម និងផ្តល់ជំនួយគាំទ្របន្ថែមលើការអភិវឌ្ឍន៍វិស័យ FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដែលរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថាវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ខណៈប្រធានក្រុមហ៊ុនប៊ូយ៉ុងថានឹងពិនិត្យលទ្ធភាពបើកសាកលវិទ្យាល័យសម្រាប់វិស័យ FinTech នេះនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Lee Joong Keun ប្រធានក្រុមហ៊ុនប៊ូយ៉ុងគ្រុប នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់កាលពីថ្ងៃអង្គារ។
ក្នុងជំនួបនោះ លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ប្រាប់ភាគីក្រុមហ៊ុនប៊ូយ៉ុងគ្រុប ពីសារៈសំខាន់មិនអាចខ្វះបាននៃវិស័យឌីជីថល និង FinTech ឬបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើនៅកម្ពុជា ហើយលោកបានស្នើដល់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ពិចារណាពិនិត្យពីលទ្ធភាពក្នុងការវិនិយោគបន្ថែម ព្រមទាំងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ FinTech នេះដល់ប្រទេសកម្ពុជា បើយោងតាមសេចក្តីប្រកាសពីក្រសួង។
ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះបាន ថ្លែងអំណរគុណដល់ភាគីប៊ូយ៉ុងគ្រុប ចំពោះការចូលរួមចំណែកនៃក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ(ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី) ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
លោកបណ្ឌិត Lee Joong Keun ប្រធានប៊ូយ៉ុង គ្រុប របស់កូរ៉េខាងត្បូង បានថ្លែងអំណរគុណដល់លោកអូន ព័ន្ធមុនីរ័ត្ន ដែលអនុញ្ញាតដល់លោកនិងក្រុមការងារចូលជួបពិភាក្សាហើយលោកបានលើកឡើងពីតួនាទីដ៏ចម្បងនៃស្ថាប័នក្រសួងសេដ្ឋិកិច្ច ជាពិសេសផ្នែកពន្ធដារ ដែលចូលរូមចំណែកយ៉ាងសំខាន់សេដ្ឋកិច្ចមិនថា នៅកម្ពុជា ឬកូរ៉េខាងត្បូងឡើយ។
ប្រធានប៊ូយ៉ុងគ្រុបរូបនេះ គូសបញ្ជាក់ពីសំណើររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូច្នេះថា៖« ប៊ូយ៉ុងគ្រុបនៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការបើកសាកលវិទ្យាល័យ ដែលផ្តោតវិស័យពន្ធដារ និង FinTech នៅកម្ពុជា »។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិតគី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា ពន្យល់សារៈសំខាន់ FinTech ថាជា ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ។ តាមរយៈបច្ចេកវិទ្យា FinTech នេះ គេអាចគ្រប់គ្រងលំហូរសាច់ប្រាក់ដោយប្រសិទ្ធភាពខ្ពស់ នៅក្នុងបរិបទឌីជីថលនេះ។
លោកបណ្ឌិតគី សិរីវឌ្ឍន៍បញ្ជាក់ថា៖ «តាមរយៈ FinTech នេះ ប្រព័ន្ធធនាគារអាចចាប់បានលុយណាដែលគេឈប់ទទួលស្គាល់ក្នុងប្រព័ន្ធធនាគារ ដូចជា លុយខ្មៅ ឬការលាងលុយកខ្វក់ លុយចោរប្លន់ធនាគារជាដើម ពោលគឺលុយខុសច្បាបើជាដើម »។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះបន្ថែមថា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលលើផ្នែកហិរញ្ញវត្ថុអាចជួយឲ្យរដ្ឋាភិបាលគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អជាងការប្រើក្រដាសប្រាក់ ក្នុងប្រព័ន្ធទូទាត់ ហើយក៏អាចជួយឲ្យមានកំណើន GDP ក្នុងប្រទេសផងតាមរយៈការគ្រប់គ្រងលំហូររូបិយវត្ថុនេះ មានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុនកូរ៉េខាងត្បូងប៊ូយ៉ុងគ្រុបនេះ ជាដៃគូរអភិវឌ្ឍន៍សំខាន់ជាមួយប្រទេសកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ។ កាលពីខែកញ្ញា ក្រុមហ៊ុននេះបានសម្រេចផ្ដល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ បម្រើការដឹកជញ្ជូន។ កាលពីខែកក្កដា ឆ្នាំ២០២០ គម្រោងអភិវឌ្ឍន៍លំនៅឋាន «បុរី ប៊ូយ៉ុង សែនសុខ» ដែលមានទុនវិនិយោគចន្លោះពី ៩៥ ទៅ ១០០ លានដុល្លារ ស្ថិតក្នុងខណ្ឌសែនសុខបានចាប់ផ្តើមបើកលក់ជាផ្លូវការ និងការវិនិយោគនានាទៀត៕
ដោយ៖សំបាន ច័ន្ទដារ៉ា