សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីទីម័រខាងកើត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាទ្វេភាគី លើឯកសារសំខាន់ចំនួនពីរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
ឯកសារទ្វេភាគីទី១ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងឯកឧត្តម ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល និងព្រះរាជាណាចក្រកម្ពុជា ។
ឯកសារទី២ ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជាពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ ស៊ូ វណ្ណលុក