ក្រសួងទេចរណ៍ បានបើកសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពី សេចក្តីព្រាង ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦
សៀមរាប៖សិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពី សេចក្តីព្រាង ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប
បានរៀបចំក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃ គ.អ.ទ.ស និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈប្រតិបត្តិនៃ គ.អ.ទ.ស ដោយសិក្ខាសាលាបានបន្តដោយការរាយការណ៍អំពី លទ្ធផលនៃកិច្ចពិភាក្សារបស់ប្រធានក្រុមចំនួន ៣។ ក្នុងនោះ៖
-ក្រុមពិភាក្សាទី១ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធានផ្នែកសហប្រតិបត្តិការ និងផ្សព្វផ្សាយនៃលេខាធិការដ្ឋាន គ.អ.ទ.ស
-ក្រុមពិភាក្សាទី២ ដឹកនាំដោយ ឯកឧត្តម គឹម សេរីរដ្ឋ អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធានផ្នែកផែនការ បណ្តុះបណ្តាល និងនីតិកម្ម នៃលេខាធិការដ្ឋាន គ.អ.ទ.ស
-ក្រុមពិភាក្សាទី៣ ដឹកនាំដោយ ឯកឧត្តម ឆាយឃុនឡុង ទីប្រឹក្សាក្រសួង និងជាប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃលេខាធិការដ្ឋាន គ.អ.ទ.ស
ជាមួយលទ្ធផលពិភាក្សា និងធាតុចូលទទួលបានពីកិច្ចពិភាក្សា អង្គសិក្ខាសាលាក៏ទទួលបានមតិចាប់អារម្មណ៍យ៉ាងក្បោះក្បាយ និងមានអត្ថន័យរបស់លោកអភិបាលរង អ៊ឺង គឹមលាង ដែលជាតំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមតិយោបល់របស់ ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ លី សែ ផងដែរ។
ជារួម ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នឹងយកធាតុចូលពីអង្គសិក្ខាសាលាទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការតាក់តែងឯកសារផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ឱ្យមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែង នៃស្ថានភាពទេសចរណ៍កម្ពុជា តំបន់ និងសកលលោក៕ ចាន់ វិចិត្រ