គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចតេជោកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិបីជំនាន់
ភ្នំពេញ៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ នេះបើយោងតាមញត្តិគាំទ្រ។
ញត្តិគាំទ្របានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលប្រកាសគាំទ្រការ ការពារយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរាជបល្ល័ង្កនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃ សង្គមជាតិកម្ពុជាទាំងមូល។
គួររំលឹកថាក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២០ខែតុលាសម្តេចតេជោហ៊ុនសែនគាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជននោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ។
សម្តេចបានបញ្ជាក់ទៀតថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិយើងនឹងប្តឹងទៅ តុលាការដើម្បីរំលាយបក្សនោះចោល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឱ្យទណ្ឌិតសម រង្ស៊ីដឹកនាំប្រទេសយ៉ាងម៉េចទៅបើមិនទាន់កាន់តំណែងផងហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។សម្តេចតេជោបានបញ្ជាក់ថា«កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឱ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញុំកាន់តំណែង ក៏ខ្ញុំមិនមានសិទ្ធិក្នុងការកាត់ដីឱ្យជនបរទេសសូម្បីមួយមីលីម៉ែត្រ ព្រោះត្រូវជាប់គុក»។
ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ជាថ្មីថា«ខ្ញុំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។
សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ីបន្ទាប់ពីទណ្ឌិត ញុះញង់ឱ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ីមេក្រុមប្រឆាំង ក្រៅច្បាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរទាំងសិទ្ធិបោះឆ្នោតសិទ្ធិឈរ ឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិតនិងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ៕ដោយ៖ពលជ័យ